សន្ដិសុខសង្គម

គ្រូពេទ្យម្នាក់ស្លាប់ ខណ:ធ្វើដំណើរទៅព្យាបាលអ្នកជំងឺបានជួបគ្រោះថ្នាក់ចរាចរណ៍

ដោយ៖សហការី

បាត់ដំបង៖ បុរសជាគ្រូពេទ្យម្នាក់បានស្លាប់ភ្លាមៗគួរឲ្យសង្វែគ ខណ:ធ្វើដំណើរទៅព្យាបាលអ្នកជំងឺ ចៃដន្យបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។

ប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គ្រូពេទ្យម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៧:០០នាទីព្រឹកនថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ខណ:ពេលដែលគ្រូពេទ្យរូបនេះមិនបានប្រុងប្រយ័ត្នមួយគ្រាក៏ត្រូវរថយន្តបុកទទឹងម៉ូតូយ៉ាងពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅទីតាំងកើតហេតុលើកំណាត់ផ្លូវហាយវ៉េវាងក្រុងបាត់ដំបង ត្រង់ចំណុចផ្លូវបំបែកជាបួនក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពខាងលើបន្ថែមថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាក PCX ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង ១AK-៩៦៣១ បើកបរដោយបុរសម្នាក់ឈ្មោះមឿន ថេត ហៅ ពេទ្យថេត អាយុ៦១ឆ្នាំរបរជាគ្រូពេទ្យ រស់នៅក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ក្បែរទីតាំងកើតហេតុ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងកាត់ទទឹងផ្លូវធំ) មួយរំពេចនោះក៏មានរថយន្តម៉ាក LEXUS.៣០០ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២I-០០២២ មួយគ្រឿងបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន និងអ្នករួមដំណើរស្ត្រីជនជាតិវៀតណាមចំនួន០២នាក់ទៀតដែលធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត គោលដៅពីខេត្តបន្ទាយមានជ័យ ទៅទីក្រុងភ្នំពេញក្នុងល្បឿនយ៉ាងលឿនក៏បានទៅបុកទាំងកំរោលប៉ើងម៉ូតូជាង២០ម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ចំណែកឯរថយន្តបានជ្រុលចង្កូតធ្លាក់ចូលស្រះទឹកក្បែរនោះទើបអស់ល្បឿនឈប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងបានប្រគល់សាកសពជនរងគ្រោះទៅឲ្យសាច់ញាតិ និងវត្ថុតាងមធ្យោបាយទាំងពីរភាគីបាននាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរងចាំការដោះស្រាយពេលក្រោយ៕