ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យរៀបចំប្រារព្ធទិវាជនមានពិការភាពឆ្នាំនេះនៅស្រុកមង្គលបូរី

ដោយ៖ បន្ទាយ / បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យបានប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៣  ដែលឆ្នាំនេះបានប្រព្រឹត្តឡើងក្នុងស្រុកមង្គរបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឡើងរាយការណ៍ ពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ចនិងជីវភាពជនមានពិការភាពព្រមទាំងក្រុមគ្រួសារពួកគេ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានឡើងអានសារលិខិត សារាចរណ៍ស្ដីពី ការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុខភាពនិងសមធម៌។

លោក ឃុន វុទ្ធី បានបន្តថា :ចំពោះព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនៅផលវិបាកជាច្រើនរួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។

លោកអ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព បានប្រារព្ធពិធីដ៏មានអត្ថន័យ ដែលធ្វើឲ្យពួកគាត់កាន់តែមានក្ដីសង្ឃឹម និងជឿជាក់លើថ្នាក់ដឹកនាំដែលមិនទុកឲ្យគាត់រស់នៅដោយឯកោ និងស្លាប់ដោយសារគ្មានបាយហូបនោះឡើយ។

ជាចុងក្រោយក៏មានចែកអំណោយជូនដល់ជនមានពិការភាពសរុបចំនួន ៣២០នាក់ ។

ក្នុងនោះ: មុខសញ្ញា”ក្រ១ “ចំនួន២០០នាក់ ដែលទទួលបានថវិកា ២៤ម៉ឺនរៀលនិងសារុងចំនួន១ /នាក់។

និងមុខសញ្ញា”ក្រ២ “.ចំនួន ១២០នាក់ទទួលបានថវិកា១២ ម៉ឺនរៀល និងសារុងចំនួន១ /នាក់ ផងដែរ ៕