សេដ្ឋកិច្ច

ម្ចាស់សហគ្រាស ស្វាយចន្ទី នឹងទទួលបានលក្ខខណ្ឌអនុគ្រោះ ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា

ដោផយៈសិរីមតី
ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា ក៏ដូចជា ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ ម្ចាស់សហគ្រាសដែលជាសមាជិក នៃសហព័ន្ធស្វាយចន្ទីកម្ពុជា អាចស្នើសុំគម្រោងហិរញ្ញប្បទានអាជីវកម្ម ប្រកប ដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្វាយចន្ទីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងការអភិវឌ្ឍខ្សែ ច្រវ៉ាក់ តម្លៃស្វាយចន្ទីកម្ពុជា ស្របតាមគោលនយោបាយជាតិដើម្បីជំរុញឲ្យវិស័យស្វាយចន្ទីនេះមានការរីកចម្រើន និងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ទីផ្សារពិភព លោក ប្រកបដោយភាពជោគជ័យ និង និរន្តរភាព។

លោកបានថ្លែងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការដាំដុះ និងកែច្នៃស្វាយចន្ទី តាមរយៈបានដាក់ចេញនូវគោលនយោបាយ ជាតិ ស្វាយចន្ទី ដើម្បីជំរុញការកែច្នៃស្វាយចន្ទីឱ្យបាន ២៥% នៃ១លានតោននៅឆ្នាំ២០២៧ និងឱ្យបាន ៥០%នៃ១លានតោននៅឆ្នាំ២០៣២។

លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានបញ្ជាក់ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ គឺជាគោលដៅយុទ្ធសាស្ត្រ ដែល ធនាគារបានកំណត់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យស្វាយចន្ទី នៅប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា៖ ធនាគារជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈ នៃការយោគយល់គ្នានេះ គឺជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាប្រឈម ក្នុងការពង្រីកអាជីវកម្ម សម្រាប់តួអង្គស្វាយចន្ទីទាំងអស់ រួមមាន៖ អ្នកកែច្នៃ និងអ្នកនាំចេញ ក៏ដូចជាលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី នៅកម្ពុជា ឲ្យកាន់តែប្រសើរ ឡើង ថែមមួយកម្រិតទៀត។