សន្ដិសុខសង្គម

មន្រ្តីមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបំភ្លឺទៅនឹងការចុះផ្សាយថាប្រធានខ្លួនប្រព្រឹត្តពុករលួយ៧០០លានរៀល

ដោយ ៖ បន្ទាយមានជ័យ

ក្រុមមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ តាមរយ:លិខិតផ្លូវការមួយច្បាប់កាលពីថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៣ បានធ្វើការបំភ្លឺដែលជាប្រតិកម្មឆ្លើយតបទៅនឹងការចុះផ្សាយទស្សន:និងប្រភពគ្មានឈ្មោះ គ្មានតំណែង តួនាទីឬជំនាញតាមបណ្តាញសង្គមរបស់សារព័ត័មានមួយដែលចោទប្រកាន់ថា លោក ប៉ាង វណ្ណាសេដ្ឋ ជាប្រធានរបស់ខ្លួនថា ច្រើនឆ្នាំមកហើយបានប្រព្រឹត្តអំពើពុករលួយកេងបន្លំថវិកាជាតិខ្ទង់700លានរៀលលើការចំណាយដែលរួមមាន ផ្នែកជួសជុលសំណង់អគារមន្ទីរ ឬ ការិយាល័យចំណុះមន្ទីរនិងទិញថ្នាំវ៉ាក់សាំង ការពារជំងឺអុតក្ដាម គោ ក្របី ។

មន្រ្តីដដែលបានអះអាងថា : ជារៀងរាល់ឆ្នាំមន្ទីរដែលមានលោកប៉ាង វណ្ណាសេដ្ឋ ជាប្រធាន បានអនុវត្តកិច្ចលទ្ធកម្មតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្តីពីលទ្ធកម្មសាធារណ:ដោយត្រឹមត្រូវនិងម៉ត់ចត់លើចំណូល ចំណាយ។ ហើយក៏បានផ្សព្វផ្សាយវា តាមសារព័ត៌មាននានាជាច្រើនលើកផងដែរ ។

មន្ទីរនេះបានអោយដឹងបន្តថា  ចំពោះការបង្ក្រាបបទល្មើសនាំសាច់ក្លាសេ្សពីប្រទេសថៃ គឺការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតែងតែសហការនឹងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបបន្តបន្ទាប់ ។

បន្ថែមលើនោះ មន្ទីរនេះបានចាត់ទុកការផ្សាយដោយទីភ្នាក់ងារព័ត៌មានខាងលើថា គ្មានមនសិការ សម្បជ្ជញ្ញ:និងក្រមសីលធម៌វិជ្ជាជីវ:  ហើយផ្សាយព័ត៌មានប្រឌិតក្នុងចេតនានិងបំណងហេតុផលបំពុលសង្គម។

ផ្ទុយទៅវិញ មន្ទីរនេះបញ្ជាក់ជំហរខ្លួនថា : “.ខ្លួនស្វាគមន៍និងលើកទឹកចិត្តចំពោះអង្គភាពនិងអ្នកសារព័ត៌មានណាដែលផ្សាយព័ត៌មានពិត មិនក្លែងក្លាយ មិនលំអៀងឬមានទំនាស់ផលប្រយោជន៍  ហើយមិនដើម្បីកេងរកប្រយោជន៍ផ្ទាល់ខ្លួន …”.។

ចំពោះការចំណាយសរុបលើខ្ទង់ទាំងពីរនេះ ក្នុងមួយឆ្នាំៗ អស់ប្រាក់រដ្ឋខ្ទង់ ៧០០,០០០,០០០រៀល (ប្រាំពីរយលានរៀល) ប៉ុន្តែការចំណាយទាំងនេះ វាគ្រាន់តែជាតួ លេខ ថវិកាជាតិ ដែលលោកប្រធានមន្ទីរ និងបក្ខពួក រៀបឯកសារ យកលុយពីរដ្ឋ មកចែកគ្នាចាយមួយផ្នែកធំ និងចំណាយពិតមួយផ្នែកតូច ដើម្បីអួតថ្នាក់លើ ជាពិសេសក្រុមអធិការកិច្ច និងក្រុមសវនកម្ម ច្រើនស្ថាប័ន ដែលតែងបានចុះទៅមើលឯកសារនោះ។

សូមរំលឹកថា យោងការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានខាងលើ បានអោយដឹងថា រាល់ឆ្នាំ មន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ ដែលមានលោក ប៉ាង វណ្ណាសេដ្ឋ ជាប្រធានមន្ទីរ ភាគច្រើនតែងតែទទួលបានថវិកាចំណាយលើខ្ទង់ : ជួសជុលសំណង់អគារមន្ទីរ ឬ ការិយាល័យចំណុះមន្ទីរ និងទិញវ៉ាក់សាំង ការពារជំងឺអុតក្ដាម គោ ក្របី។

ក្នុងនោះខ្ទង់ថវិកា៤៥០លានរៀល ចំណាយផ្នែកសំណង់។ ខ្ទង់ ២៥០លានរៀល ចំណាយលើផ្នែកទិញថ្នាំវ៉ាក់សាំងការពារជំងឺអុតក្ដាម គោ ក្របី  ដើម្បីយកថ្នាំទៅចាក់ និងចែកជូនក្រុមពេទ្យសត្វខេត្តនិងភូមិដើរចាក់ថ្នាំបង្ការ គោ ក្របី ជូនប្រជាកសិករឬម្ចាស់គោកក្របី ៕