សេដ្ឋកិច្ច

តើអ្នកដឹងទេត្រី«ប៉ាវ៉ាមុខពីរ»មួយក្បាលទម្ងន់ជាង៧គីឡូក្រាមនៅខេត្តស្ទឹងត្រែងគឺមានតម្លៃដល់ទៅជាង១លានរៀលឯណោះ

ដោយ៖សុខុម

ស្ទឹងត្រែង៖ត្រីមួយប្រភេទដែលអ្នកខេត្តស្ទឹងត្រែងចាត់ទុកថាមានតម្លៃថ្លៃហួសពីការស្មានក្នុងមួយក្បាលដល់ទៅជាង១លានរៀលនោះក៏ដោយសារតែវាមានរសជាតិឆ្ងាញ់ដ៏ពិសេស។

តម្លៃនិងរសជាតិក៏មិនចាញ់ត្រីប៉ាស៊ីអ៊ីឡើយហើយអ្នកខ្លះស្គាល់អ្នកខ្លះទៀតក៏មិនទាន់ស្គាល់និងបានភ្លក់រសជាតិរបស់វានៅឡើយ។ បើចង់ស្គាល់រសជាតិត្រីទន្លេឆ្ងាញ់ៗសូមអញ្ជើញមកខេត្តស្ទឹងត្រែង។ ត្រីដែលមានរសជាតិឆ្ងាញ់លំដាប់លេខ២បន្ទាប់ពីត្រីប៉ាស៊ីអ៊ីនោះគឺ អ្នកខេត្តស្ទឹងត្រែងដាក់ឈ្មោះថាត្រីប៉ាវ៉ាមុខពីរឬត្រីប៉ាវ៉ាមុខបាក់។

រូបភាពត្រីប៉ាវ៉ាមុខពីរដាក់លក់នៅផ្សារស្ទឹងត្រែងដែលមានតម្លៃខ្ពស់(រូបថត សុខុម)

តាមការរៀបរាប់របស់អ្នកលក់ត្រីនៅខេត្តស្ទឹងត្រែងបានឲ្យដឹងថាត្រីប្រភេទនេះអាចមានទម្ងន់ធំបំផុតដែលគេធ្លាប់ប្រទះឃើញដល់ទៅ១០ គីឡូក្រាមក្នុងមួយក្បាល។ក្រៅពីនោះភាគច្រើនគឺមានរូបរាងតូចៗ។

នៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣ អ្នកនេសាទម្នាក់ចាប់បានត្រីប៉ាវ៉ាមុខពីរហើយបើកទូកយកមកលក់នៅកំពង់ស្រឡាងទីរួមខេត្តស្ទឹងត្រែង។ត្រីមួយក្បាលនោះមានទម្ងន់ជាង៧គីឡូក្រាម។ប៉ុន្តែឈ្មួញកណ្ដាលបានឲ្យតម្លៃក្នុងមួយគីឡូក្រាម១៥ម៉ឺនរៀល។ត្រីទាំងមូលដែលមានទម្ងន់ជាង៧គីឡូក្រាមមានតម្លៃដល់ទៅជាង១លានរៀលឬស្មើនឹង៣០០ដុល្លារ។ឈ្មួញកណ្ដាលបានទិញពីអ្នកនេសាទហើយលើកចេញពីទូកយកមកលក់បន្តនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងទាំងព្រឹកព្រលឹម។

អ្នកលក់ត្រីលាន់មាត់គ្រប់គ្នាថាបច្ចុប្បន្នគេកម្រនឹងបានឃើញត្រីប៉ាវ៉ាមុខពីរដែលមាឌធំនិងទម្ងន់បែបនេះណាស់។នៅពេលបានឃើញម្ដងៗឈ្មួញកណ្ដាលក៏ដណ្ដើមគ្នាទិញយកទៅលក់បន្ត។ព្រោះថាអ្នកទិញបន្តឲ្យតម្លៃលើសពីនេះទៅទៀត។

អ្នកដែលទិញបន្តភាគច្រើនគឺជាម្ចាស់ភោជនីយដ្ឋានអាហារដ្ឋានធំៗនៅក្នុងខេត្តស្ទឹងត្រែងទិញទុកធ្វើម្ហូបលក់ជូនភ្ញៀវ។ក្រៅពីអ្នកខេត្តស្ទឹងត្រែងអ្នកនៅសៀមរាបនិងភ្នំពេញក៏មានកុម្មង់ទិញយកទៅលក់បន្តដែរ។

រូបភាពត្រីប៉ាវ៉ាមុខពីរដាក់លក់នៅផ្សារស្ទឹងត្រែងដែលមានតម្លៃខ្ពស់(រូបថត សុខុម)

អ្នកលក់ត្រីបានឲ្យដឹងទៀតថាមូលហេតុវាថ្លៃបែបនេះដោយសារតែមិនសម្បូរ។ រសជាតិរបស់វាឆ្ងាញ់ណាស់ពេលយកទៅធ្វើម្ហូបទទួលទាន។ចំពោះមុខម្ហូបដ៏ពេញនិយមដែលគេធ្វើពីត្រីប៉ាវ៉ាមុខពីនោះចូលចិត្តយកទៅចំហុយ,ស្ងោរជ្រក់,ខជាដើម អាំង និងបំពងជាដើម។

យោតាមឯកសារកត់ត្រាត្រីទឹកសាបនៅកម្ពុជារបស់រដ្ឋបាលជលផល ឈ្មោះជាខ្មែរត្រីប៉ាវ៉ាមុខពីរមានឈ្មោះវិទ្យាសាស្ត្រហៅថា Incisilabeobehri។ ឈ្មោះជាអង់គ្លេស Bangana behri។លក្ខណៈសម្គាល់របស់ត្រីប៉ាវ៉ាមកពីរមានព្រុយខ្នងគ្មានទ្រនុងរឹងតែមានទ្រនុងទន់ចំនួន ១២ ទៅ១៣។បបូរមាត់លើនិងបបូរមាត់ក្រោមស្ដើង។គ្មានពុកមាត់គន្លាក់ខ្លាំងនៅចន្លោះភ្នែកនិងច្រមុះ។ស្រកានៅលើខ្សែឆ្នូតចំហៀងខ្លួនមានចំនួន៣៤ ទៅ៣៥។ស្រកានៅចន្លោះខ្សែឆ្នូតជំហៀងខ្លួននិងគល់ព្រុយខ្នងមានចំនួន១២ ទៅ១៣ ជួរមានប្រវែងវែងបំផុត ៦០សង់ទីម៉ែត្រ។

លោកស្រីសមវិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង(រូបថតៈ សុខុម)

លក្ខណៈជីវសាស្ត្ររស់នៅតែតំបន់មេគង្គលើតែប៉ុណ្ណោះគឺមាននៅខេត្តក្រចេះខេត្តស្ទឹងត្រែងនិងខេត្តរតនគិរី។ធ្វើចរាចរណ៍ជាហ្វូងចូលទៅក្នុងអូរនៅរដូវវស្សាហើយពងកូនចាប់ពីខែមិថុនាដល់ខែសីហានៅតំបន់ទឹកជួរនិងព្រៃលិចទឹក។ស៊ីរុក្ខជាតិប្លុងតុងនិងសត្វល្អិតក្នុងទឹកជាអាហារគេអាចចាប់បានដោយឧបករណ៍សំណាញ់,លបនិងមង។

លោកស្រីសមវិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានឱ្យដឹងថា ត្រីប៉ាវ៉ាមុខពីរប្រភេទនេះក្នុងរយៈពេល១០ឆ្នាំចុងក្រោយគឺមានការថយចុះច្រើន។ ការថយជចុះ ដោយមានកត្តាជាច្រើន ដូចជាការកសាងរចនាសម្ព័ន្ធតាមដងទន្លេ,ពាក់ព័ន្ធបទល្មើសលួចលាក់មួយចំនួន,ប្រើប្រាស់សារធាតុពុលផ្សេងៗ,ការលួចលាក់ប្រើឧបករណ៍មងបទល្មើសនេសាទក្នុងរដូវហាមឃាត់និងកត្តាប្រែប្រួលអាកាសធាតុ,បាត់បង់ទីជម្រកមួយចំនួននិងកំណើននេសាទជាដើម៕