សន្ដិសុខសង្គម

ខ្លាំងមែន! ខឹងប្រពន្ធយកភ្លើងដុតផ្ទះខ្លួនឯង បណ្ដាលឱ្យឆេះអស់គ្មានសល់

ដោយ៖វិចិត្រ
កំពង់ស្ពឺ៖បុរសម្នាក់ខឹងប្រពន្ធ ក៏បានយកភ្លើងដុតផ្ទះខ្លួនឯង ធ្វើឱ្យឆេះទាំងទ្រព្យសម្បតិ្តអស់គ្មានសល់។ហេតុការណ៍នេះកើតឡើង នៅភូមិព្រៃឈើទាល ឃុំ/ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីម៉ោង១០ព្រឹកថ្ងៃទី៦ ខែធ្នូ។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ខន មិថុនា អាយុ៣៦ឆ្នាំនៅភូមិ-ឃុំខាងលើ។ជននេះបានដុតផ្ទះខ្លួនឯងឱ្យឆេះអស់មានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹកត្នោត។សម្ភារក្នុងផ្ទះមាន-គ្រែប្រអប់១-ទូរទស្សន៍២គ្រឿង-កង្ហារ២ និងសម្ភារប្រើប្រាសក្នុងផ្ទះជាច្រើនទៀត។

ប្រភពដដែលបានបន្តថា មូលហេតុដែលបុរសរូបនេះដុតផ្ទះខ្លួនឯងនោះ គឺដោយសារតែខឹងប្រពន្ធឈ្មោះយ៉ាង ធីតា អាយុ៣៣ឆ្នាំ មិនឃើញនៅផ្ទះ។ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចបានទទួលព័ត៌មានយឺតពេល ទើបជួយពន្លត់ផ្ទះឆេះនោះមិនទាន់។ ក្រោយមកសមត្ថកិច្ចបាននាំជនសង្ស័យទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕