អន្តរជាតិ

យន្តហោះដឹកអ្នកដំណើរខ្នាតយក្សC919ធ្វើនៅប្រទេសចិននឹងហោះហើរជាលើកដំបូងនៅក្រៅប្រទេស

ប្រែសម្រួល៖សហការី

យន្តហោះផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសចិនខ្នាតយក្សប្រភេទ C919 សម្រាប់ដឹកអ្នកដំណើរនឹងធ្វើការហោះហើរជាលើកដំបូងបង្អស់ចេញពីអាកាសយានដ្ឋាននៅលើតំបន់ជិតកំពង់ផែ Victoria របស់ទីក្រុងហុងកុងនៅក្នុងសប្តាហ៍ក្រោយ។ ការហោះហើរនេះគឺជាការបង្ហាញនូវសមត្ថភាពយន្តហោះខ្នាតយក្សប្រភេទ C919 ជាលើកដំបូងបង្អស់នៅក្រៅទឹកដីរបស់ប្រទេសចិនដីគោក។

យន្តហោះខ្នាតយក្សប្រភេទ C919 គ្រោងនឹងបើកជើងហោះហើរសម្រាប់ពាណិជ្ជកម្មជាលើកដំបូងបង្អស់របស់ខ្លួននៅក្នុងខែឧសភាឆ្នាំក្រោយដែលចិនមានមហិច្ឆតាអស់ជាច្រើនទសវត្សរ៍មកហើយក្នុងការប្រកួតប្រជែងជាមួយដៃគូប្រជែងលោកខាងលិចសម្រាប់ការហោះហើរលើផ្នែកស៊ីវិលនៅលើអាកាស និងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសចិនលើផ្នែកបច្ចេកវិទ្យាបរទេសផងដែរ។

យន្តហោះដែលផលិតដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិនមានឈ្មោះថា COMAC នឹងត្រូវបង្ហាញខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិហុងកុងចាប់ពីថ្ងៃទី ១២ ខែធ្នូ ដល់ថ្ងៃទី ១៧ ខែធ្នូ នេះបើតាមអភិបាលក្រុង John Lee បានប្រកាសនៅថ្ងៃអង្គារទី ៥ ធ្នូនេះ។

លោក Lee បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គាត់ជាមួយអ្នកសារព័ត៌មានថា “នៅថ្ងៃទី ១៦ ខែធ្នូ យន្តហោះខ្នាតយក្ស C919 នឹងធ្វើការហោះហើរនៅពីលើ Victoria Harbour ។

លោក​បាន​បន្ថែម​ថា ទីក្រុង​ប៉េកាំង​បាន​ជ្រើសរើស​ទីក្រុង​ហុងកុង​ជា​ទីក្រុង​ដំបូង​គេបង្អស់​សម្រាប់ការសាកល្បងហោះហើរ​របស់យន្តហោះខ្នាតយក្ស C919 ដើម្បីជាការទស្សនា​នៅ​ក្រៅទឹកដី​របស់ប្រទេសចវិនដីគោក។

យន្តហោះខ្នាតតូចប្រភេទ ARJ21 ចាស់ជាងយន្តហោះខ្នាតយក្ស C919 របស់ក្រុមហ៊ុន COMAC ក៏នឹងត្រូវបង្ហាញខ្លួននៅក្នុងទីក្រុងហុងកុងក្នុងអំឡុងពេលប្រាំមួយថ្ងៃផងដែរ។

ទីក្រុងប៉េកាំងសង្ឃឹមថា យន្តហោះខ្នាតយក្សធុន C919 នឹងប្រកួតប្រជែងជាមួយម៉ូដែលយន្តហោះបរទេសដូចជា Boeing 737 MAX និង Airbus A320 ទោះបីជាមានផ្នែកជាច្រើនរបស់វាមានប្រភពមកពីបរទេសក៏ដោយ។

យន្តហោះ​នេះ​បាន​ចាប់​ផ្តើម​អភិវឌ្ឍន៍​ដំបូងនៅ​ក្នុង​ឆ្នាំ ២០០៨ ប៉ុន្តែ​ទើប​តែ​ទទួល​បាន​ការ​បញ្ជាក់អំពី​ការ​ហោះ​ហើរ​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​មុន។

Bloomberg News បានរាយការណ៍ថាយន្តហោះខ្នាតយក្សប្រភេទ C919 មិនទាន់ទទួលបានការទាក់ទាញពីអតិថិជនអន្តរជាតិនៅឡើយទេ ខណៈដែលយន្តហោះខ្នាតតូច ARJ21 កំពុងដំណើរការនៅក្នុងប្រទេសចិន និងឥណ្ឌូនេស៊ី។

លោក Zhang Yujin អគ្គនាយករងរបស់ក្រុមហ៊ុន COMAC បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីខែមករាថា ក្រុមហ៊ុនបានទទួលយកការបញ្ជាទិញប្រហែល ១,២០០ សម្រាប់យន្តហោះខ្នាតយក្សប្រភេទ C919 ។

លោក Zhang បាននិយាយនៅពេលនោះថាក្រុមហ៊ុន COMAC គ្រោងនឹងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំដល់ ១៥០ ម៉ូដែលក្នុងរយៈពេលប្រាំឆ្នាំខាងមុខ៕

ប្រភព៖ AFP