សន្ដិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យជាឃាតកសម្លាប់ជនរងគ្រោះក្បែរវាលស្រែមួយកន្លែង

ដោយ:សុខុម
បាត់ដំបង៖សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី៤ ខែធ្នូឆ្នាំ២០២៣បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសម្លាប់ជនរងគ្រោះម្នាក់នៅក្បែរវាលស្រែមួយកន្លែងកាលពីថ្ងៃទី៣ធ្នូ ចំណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបា ណន់ ខេត្តបាត់ដំបង ។

រូបថត សមត្ថកិច្ច

សមត្ថកិច្ចបានឲ្យដឹងថាក្រុមគ្រួសារសពបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលស្រុកឱ្យជួយស្វែងរកជនរងគ្រោះម្នាក់ឈ្មោះ សួន ហ៉ីង ភេទប្រុសអាយុ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ឃុំកន្ទឺ២ស្រុកបាណន់។ជនរងគ្រោះបានចេញពីផ្ទះថាទៅបូមទឹកដាក់ស្រែតាំងពីយប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ ហេីយក៏បាត់ដំណឹងសូន្យឈឹង។
សមត្ថកិច្ចបានឲ្យដឹងទៀតថាក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចខេត្តនិងស្រុករួមទាំងជំនាញក៏បានបើកការស៊ើបអង្កេតតាមតម្រុយរហូតប្រទះឃើញជនរងគ្រោះឈ្មោះ សួន ហ៉ីងដេកស្លាប់នៅក្នុងគុម្ពោតព្រៃស្ថិតនៅវាលស្រែភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់សង្ស័យជាឃាតកម្ម។

រូបថត សមត្ថកិច្ច

សមត្ថកិច្ចក៏បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែនៅចំណុចដំណាក់ ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់និងដកហួតបានវត្ថុតាងមាន
,ដំបង ចំនួន ០១ ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌ខ្មៅ(ស្លៀក ពេល ធ្វើសកម្មភាព) ចំនួន ០១ ។

រូបថត សមត្ថកិច្ច

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា ពិតជាបានវាយ និងកាប់ជនរងគ្រោះឈ្មោះ សួន ហុីង រហូតដល់ស្លាប់ ពិតប្រាកដមែននៅចំណុចកេីតហេតុ។បន្ទាប់ពីធ្វើសកម្មភាពខ្លួនយកសាកសពទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះកាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ មូលហេតុដែលនាំទៅដល់កាប់សម្លាប់ជនរងគ្រោះគឺដោយសារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក៕