អន្តរជាតិ

អ្នកឡើងភ្នំ១១នាក់ត្រូវបានគេរកឃើញស្លាប់ក្រោយការផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ី

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

មន្ត្រីជួយសង្គ្រោះក្នុងតំបន់បានប្រាប់ AFP នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ថា អ្នកឡើងភ្នំយ៉ាងតិច ១១នាក់ ត្រូវបានគេរកឃើញថាបានស្លាប់ បន្ទាប់ពីមានការផ្ទុះភ្នំភ្លើង Marapi នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។

ភ្នំ Marapi នៅលើកោះស៊ូម៉ាត្រា ដែលមានកម្ពស់ 2,891 ម៉ែត្រ បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ទី៣ធ្នូ ឆ្នាំ២០២៣នេះ ដោយវាបានបញ្ជូនផេះភ្នំភ្លើងមានកម្ពស់ 3,000 ម៉ែត្របាញ់ទៅលើអាកាសមើលទៅគួរឲ្យខ្លាច។

លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Padang បាននិយាយមួយថ្ងៃបន្ទាប់ពីការផ្ទុះនេះថា “មានមនុស្ស 26 នាក់ដែលមិនត្រូវបានជម្លៀសចេញ យើងបានរកឃើញ 14 នាក់ក្នុងចំណោមពួកគេ 3 នាក់ត្រូវបានគេរកឃើញនៅរស់ និង 11 នាក់ត្រូវបានគេរកឃើញថាបានស្លាប់” ។

លោក​បាន​និយាយ​ថា មាន​អ្នក​ឡើង​ភ្នំ​សរុប​ចំនួន ៧៥ នាក់​នៅ​លើ​ភ្នំ​ចាប់​ពី​ថ្ងៃ​សៅរ៍ ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​គិតគូរពីពួកគេ។គាត់បាននិយាយថា ១២ នាក់នៅតែបាត់ខ្លួន ហើយ ៤៩ នាក់បានចុះមក ដែលខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ទីភ្នាក់ងារអភិរក្សធនធានធម្មជាតិនៃកោះស៊ូម៉ាត្រាខាងលិចបាននិយាយថា ក្រុមជួយសង្គ្រោះកំពុងធ្វើការពេញមួយយប់ដើម្បីជួយនាំអ្នកឡើងភ្នំចុះទៅកាន់ទីសុវត្ថិភាព។

លោក Rudy Rinaldi ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះស៊ូម៉ាត្រាភាគខាងលិចបានប្រាប់ AFP ថា អ្នកឡើងភ្នំមួយចំនួនដែលត្រូវបានជួយសង្គ្រោះកំពុងទទួលការព្យាបាល៕

ប្រភព៖ AFP/at