អន្តរជាតិ

វិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Ever grande អាចនាំមកនូវមហន្តរាយដល់សេដ្ឋកិច្ចចិន

ប្រែសម្រួល៖សហការី

កាលពីថ្ងៃចន្ទ ទី៤ ធ្នូ តុលាការហុងកុងបានទុកពេលឲ្យក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិនហៅថា Evergrande សម្រាប់រៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយទុកពេលឲ្យក្រុមហ៊ុនអចលនទ្រព្យយក្សមួយនេះអាចដកដង្ហើមបានស្រួលបន្តិចរហូតដល់ដំណាច់ខែមករាឆ្នាំក្រោយក្នុងខណៈដែលក្រុមហ៊ុននេះស្ថិតនៅក្នុងស្ថានភាពក្ស័យធន។

បំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សនេះបានក្លាយជានិមិត្តសញ្ញាមួយនៃវិបត្តិទីផ្សារអចលនទ្រព្យចិនដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

  • តើស្ថានភាពនៃវិបត្តិរបស់ Evergrande ធ្លាក់ដល់កម្រឹតណា?

គ្រាចុងក្រោយនៃវិបត្តិបំណុលរបស់ Evergrande ដែលត្រូវបានលាតត្រដាងជាសាធារណៈនៅក្នុងខែមិថុនាឆ្នាំនេះបានឲ្យដឹងថា Evergrande នៅជំពាក់ប្រាក់ប្រមាណ ៣២៨ ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងពេលដែលផ្ទុះឡើងនៅលើទីផ្សារអចលនទ្រព្យបានប្រែក្លាយជាមូលដ្ឋានគ្រឹះដែលធ្វើឲ្យមានសន្ទុះកើនឡើងនូវទ្រព្យសម្បត្តិសម្រាប់ពលរដ្ឋស្ថិតក្នុងវណ្ណៈមធ្យមកម្រឹតកណ្តាលមានការរីកចម្រើនកាន់ខ្លាំងឡើង។

ប៉ុន្តែក្រោយមកក៏បានបង្កឲ្យមានវិបត្តិលំនៅឋានដែលអូសបន្លាយពេលជាយូរមកហើយដែលបានធ្វើ

ឲ្យមានផលវិបាកដល់ជីវិតរស់នៅសម្រាប់អ្នកទិញផ្ទះនៅទូទាំងប្រទេសចិន ដែលភាគច្រើននៃពួកគេបានខិតខំសន្សំប្រាក់ជិតមួយជីវិតទៅហើយដើម្បីចំណាយទៅលើអចលនទ្រព្យដែលមិនដែលបានសម្រេចដូចបំណង។

ក្រុមហ៊ុននេះមិនអាចមានលទ្ធភាពសងត្រឡប់នូវប្រាក់ដែលជាការប្រាក់លើប្រាក់កម្ចីរបស់ខ្លួនទេហើយក្រុមហ៊ុន Evergrande បានខកខានទូទាត់សំណងទាំងស្រុងជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ ២០២១។

កាលពីខែសីហា ក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំធ្វើការប្រកាសក្ស័យធននៅសហរដ្ឋអាមេរិក ដែលជាវិធានការមួយក្នុងគោលបំណងការពារទ្រព្យសម្បត្តិរបស់ខ្លួននៅទីនោះ។

  • តើម្ចាស់បំណុលចង់បានអ្វីពីក្រុមហ៊ុន Evergrande?

Bloomberg បានរាយការណ៍ថា ម្ចាស់បំណុលរបស់ក្រុមហ៊ុន Evergrande កំពុងទាមទារគ្រប់គ្រងភាគហ៊ុននៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande ដោយទាមទារឲ្យក្រុមហ៊ុនអចលនទ្រព្យយក្សផ្តល់ឲ្យពួកគេ ១៧.៨ ភាគរយនៃប្រាក់ដើមនៃហ៊ុនរបស់ក្រុមហ៊ុន Evergrande និង ៣០ ភាគរយនៃសេវាកម្មអចលនទ្រព្យរបស់ក្រុមហ៊ុន Evergrande រួមទាំងក្រុមហ៊ុនរថយន្តអគ្គិសនីផង។

ទ្រព្យសកម្មជាច្រើនរបស់ក្រុមត្រូវហ៊ុនបានលក់ចេញនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះភ្លាមៗក្នុងទម្រង់កសាងសាច់ប្រាក់ងាយស្រួលខ្ទង់ ៥០ ពាន់លានយន់ស្មើនឹង ៧ ពាន់លានដុល្លារ បើគិតមកត្រឹមចុងខែវិច្ឆិកានេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន។

ក៏នៅក្នុងអំឡុងពេលបើកសវនាការកាលពីខែតុលា អត្រានៃការហក់ឡើងវិញសម្រាប់អ្នកឲ្យខ្ចីប្រាក់របស់ Evergrande ត្រូវបានគេប៉ាន់ប្រមាណថាតិចជាង ៣ ភាគរយនេះគូសបញ្ជាក់ឲ្យដឹងថាបំណុលលំដាប់កំពូលៗកាន់តែកើនឡើងប្រសិនបើពួកគេចង់ដកយកប្រាក់របស់ពួកគេវិញទាំងការទាំងដើម។

Evergrande មានពេលរហូតដល់ថ្ងៃទី ២៩ ខែមករាឆ្នាំក្រោយ ដើម្បីរៀបចំផែនការសងសំណងលម្អិត ដាក់ជូនចៅក្រមរបស់តុលាការនៅហុងកុងដែលបានរៀបចំឡើងសម្រាប់មេធាវីរបស់ខ្លួនស្វែងរក “ការពិភាក្សាដោយផ្ទាល់បន្ថែមទៀតជាមួយអាជ្ញាធរពាក់ព័ន្ធ” ដើម្បីធានាអះអាងថាសំណើសុំរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាចនឹងប្រព្រឹត្តទៅបាន។

  • មកទល់នឹងពេលនេះក្រុមហ៊ុននៅមានការលំបាកអ្វីខ្លះ?

Evergrande និយាយថា ខ្លួនមានបុគ្គលិកជាង ១០០,០០០ នាក់រងផលប៉ះពាល់ដែលជះឥទ្ធិពលដោយប្រយោលដល់ជោគវាសនាមនុស្សរាប់លាននាក់ថែមទៀត។

វិបត្តិហិរញ្ញវត្ថុរបស់ខ្លួនបង្កឲ្យមានការភ័យខ្លាចដល់មហន្តរាយសេដ្ឋកិច្ចចិន ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរថែមទៀតនៅលើទីផ្សារអចលនទ្រព្យមួយមិនមាននិរន្តរភាព និងធ្វើឲ្យរដ្ឋរងនូវសម្ពាធក្នុងការផ្តល់ការគាំទ្រមូលនីធិបន្ថែម។

ទីផ្សារអចលនទ្រព្យ និងសំណង់ដែលមានរយៈពេលយូរគឺស្មើនឹងមួយភាគបួននៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសចិនដែលជាកម្លាំងចលករជំរុញដល់វិស័យជាច្រើនទៀត។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ វិស័យ​ដែល​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ រួម​ទាំង​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់​​របស់ Evergrande ដូចជាក្រុមហ៊ុន Country Garden ក៏​បាន​ធ្លាក់ចូល​ក្នុង​វិបត្តិ​ដែរ។

ទោះបីជាមានវិធានការថ្មីៗរបស់ក្រុងប៉េកាំងដើម្បីស្តារទីផ្សារអចលនទ្រព្យឡើងវិញក៏ដោយក៏ការលក់ ចេញនៅតែបន្តធ្លាក់ចុះនៅក្នុងទីក្រុងជាច្រើនដដែល។

  • តើថៅកែក្រុមហ៊ុននៅឯណា?

Bloomberg News បានរាយការណ៍កាលពីខែកញ្ញាថាសាច់រឿងដ៏ស៊ីជម្រៅលើវិបត្តិរបស់ក្រុមហ៊ុននោះគឺថាថៅកែដែលជាមហាសេដ្ឋីលោក Xu Jiayin ត្រូវបានប៉ូលិសចាប់ខ្លួនហើយ។

ក្រោយមកអ្នករកស៊ីអចលនទ្រព្យបានបញ្ជាក់ថាលោក Xu ត្រូវបានគេហៅឈ្មោះតាមភាសាចិនកុកតុងរបស់គាត់ថា Hui Ka Yan នេះគឺជា “កម្មវត្ថុក្តៅមួយដែលចាំបាច់ត្រូវតែអនុវត្តច្បាប់ពីបទសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋ” ។

ទាំង Evergrande និងអាជ្ញាធរចិនមិនបានបញ្ជាក់លម្អិតពីលក្ខណៈ អង្គហេតុដែលត្រូវបានចោទប្រកាន់ប្រឆាំងនឹងលោកXu ដែលជាស្ថាបនិករបស់ក្រុមហ៊ុនខ្លួននោះទេ៕

ប្រភព៖ AFP