អន្តរជាតិ

លោកTrumpចេញមុខមកពន្លះលោកBiden ថាជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅអាមេរិក

ប្រែសម្រួល៖សហការី

កាលពីថ្ងៃសៅរ៍ ថ្ងៃទី ២ ធ្នូ  អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានព្យាយាមបង្វែរបញ្ហាដាក់លើគូប្រជែងរបស់គាត់សម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំក្រោយនៅក្នុងខែវិច្ឆិកាគឺលោកប្រធានាធិបតី Joe Biden ដែលលោក Trump ព្យាយាមផ្តួលនៅក្នុងការបោះឆ្នោតដោយបានហៅលោក Biden ថាជា  “អ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅអាមេរិក “។

​លោក Trump ចោទ​ប្រកាន់​លោក Biden ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យដោយ​បន្លឺនូវពាក្យ​​ថាលោក Biden បាន​ព្យាយាមអស់​ជា​ច្រើន​ឆ្នាំ​ក្នុងការប្រឹងប្រែងប្រឆាំង​នឹង​គាត់ដែលបានកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិមុន។ ខណៈដែលលោក Trump នៅជាប្រធានាធិបតីដំបូងរបស់គណបក្សសាធារណរដ្ឋ។ គាត់បាននិយាយសំដៅលើគូប្រជែងរបស់គាត់នៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានថាប្រសិនបើគាត់ឈ្នះឆ្នោតហើយអង្គុយនៅសេតវិមានម្តងទៀត គឺមានតែលោក Biden ទេដែលបានធ្វើការជំទាស់និងបេក្ខភាពរបស់លោកដែលលោក Trump បានហៅគាត់ថាជាអ្នក”បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅអាមេរិក” ។

កាលពីថ្ងៃសៅរ៍ លោក Trump បានធ្វើការអះអាងអំពីហេតុផលរហូតមកដល់ពេលបច្ចុប្បន្នដោយអំពាវនាវដល់អ្នកបោះឆ្នោតថាគួរតែសម្លឹងមើលឲ្យច្បាស់អំពីដៃគូប្រជែងរបស់គាត់ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើងហើយ។ លោក Trump បាននិយាយឡើងវិញជុំវិញជម្លោះជ៏យូរមកហើយដែលគាត់បានចោទប្រកាន់ថាមានគេប្រឌិតរឿងថាគាត់បានប្រព្រិត្តឧក្រិដ្ឋកម្មចំនួនបួនករណីប្រឆាំងនឹងគាត់ដែលបង្ហាញថាលោក Biden កំពុងរំលោភអំណាចដោយប្រើប្រាស់ប្រព័ន្ធយុត្តិធម៌សហព័ន្ធដែលមិនស្របតាមនីតិវិធីនៃច្បាប់ប្រឆាំងនឹងគាត់ដែលជាដៃគូប្រជែងនៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិថ្មី។

លោក Trump បាននិយាយទៅកាន់ហ្វូងមនុស្សក្នុងទីក្រុង Cedar Rapids រដ្ឋ Iowa ថា “លោក Biden កំពុងប្រើអំណាចរដ្ឋាភិបាលជាអាវុធប្រឆាំងនឹងគូប្រជែងខាងផ្លូវនយោបាយ។ លោក Trump បានប្រដូចខ្លួនគាត់ថាជាមេដឹកនាំនយោបាយពិភពលោកទីបី” ។ លោក Trump បាន​បន្ត​ដោយ​លើក​ហេតុផល​ថា “លោក Biden និង​សម្ព័ន្ធមិត្ត​ឆ្វេងនិយម​របស់​លោក​ចូលចិត្តអំណះអំណាងថាខ្លួន​ជា​មិត្ត​​លទ្ធិប្រជាធិបតេយ្យ” លោក Trump បាន​បន្ត​ដោយ​លើក​ហេតុផល​ថា “Joe Biden មិន​មែន​ជា​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក​ទេ Joe Biden គឺជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក”។

លោក Ammar Moussa អ្នកនាំពាក្យសម្រាប់យុទ្ធនាការរបស់លោក Biden បានឆ្លើយតបថា “អាមេរិករបស់ Donald Trump ក្នុងឆ្នាំ ២០២៥ គឺជាឈុតឆាកនយោបាយដែលប្រើប្រាស់អំណាចរដ្ឋាភិបាលជាមុខអាវុធរបស់ខ្លួនដើម្បីទប់ស្កាត់គូសត្រូវផ្នែកនយោបាយរបស់គាត់។ អ្នកមិនចាំបាច់យកពាក្យរបស់យើងទៅប្រដូចនឹងគាត់នោះទេ លោក- Trump ពិតជាទទួលស្គាល់ដោយខ្លួនឯង “។

លោក Trump បានសន្យាជាយូរមកហើយថានឹងកាត់ទោសលោក Biden ទុកជាការសងសឹកប្រសិនបើគាត់ត្រឡប់ទៅសេតវិមានវិញ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ អតីតប្រធានាធិបតីរូបនេះបានបញ្ចេញសារនយោបាយអំណះអំណាងអំពីការគំរាមកំហែងរបស់លោក Biden ចំពោះលទ្ធិប្រជាធិបតេយ្យ។ មានរឿងពាក់ព័ន្ធនឹងបណ្តឹងដែលប្តឹងដោយអង្គការសេរីនិយមចំនួនពីរដែលលោក Trump ហៅថាជាការខិតខំស្វែងរកការគ្រប់គ្រងលើរូបគាត់ដោយបំបិទសិទ្ធិមិនឲ្យឈរជាបេក្ខភាពប្រធានាធិបតីក្រោមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញកាលសម័យសង្គ្រាមស៊ីវិលដែលគេកម្រយកមកប្រើសម្រាប់ហាមឃាត់អ្នកដែល “ចូលរួមក្នុងការបះបោរ” ពីការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីម្តងទៀត៕

ប្រភព៖ AP