អន្តរជាតិ

មេដឹកនាំតៃវ៉ាន់រំលឹកដល់ពលរដ្ឋថាមុនបោះឆ្នោតជ្រើសរើសអ្នកដឹនាំចូរក្រឡេកមើលនូវអ្វីដែលកើតឡើងនៅហុងកុង

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអាទិត្យ ទី០៣ ខែធ្នូ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បានអំពាវនាវដល់ពលរដ្ឋដែលជាអ្នកមានសិទ្ធិបោះឆ្នោតសម្រាប់អណត្តិប្រធានាធិបតីថ្មីនៅមុនពេលបោះដោយនិយាយថាអ្នកបោះឆ្នោតចូរពិចារណាអំពីហេតុការណ៏ដែលបានកើតឡើងនៅហុងកុងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ដីគោកដោយបានបន្ថែមថាការរក្សាសន្តិភាពចាំបាច់ត្រូវតែមានការគាំទ្រដោយការប្តេជ្ញាចិត្ត។

តៃវ៉ាន់កំពុងរៀបចំការបោះឆ្នោតសម្រាប់អណត្តិប្រធានាធិបតីថ្មី និងសភានៅថ្ងៃទី ១៣ ខែមករាឆ្នាំក្រោយខណៈដែលប្រទេសចិនដីគោកកំពុងទាមទារយកកោះនេះមកគ្រប់គ្រងវិញដោយបង្កើនសម្ពាធយោធារួមទាំងធ្វើសមយុទយោធាធំៗចំនួនពីរលើកហ៊ុមព័ទ្ធជុំវិញកោះនេះនៅក្នុងចន្លោះកន្លះឆ្នាំម្តង។

គណបក្សប្រឆាំងដ៏សំខាន់របស់ចិននៅតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) បានលើកឡើងជាមូលបទសម្រាប់គោលការណ៏របស់ខ្លួនដោយឲ្យអ្នកបោះឆ្នោតធ្វើការជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព។ ប្រទេសចិនដីគោកស្អប់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ និងបេក្ខភាពប្រធានាធិបតីរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)  គឺអនុប្រធានាធិបតីលោក Lai Ching-te ដោយហៅពួកគេថាជាក្រុមផ្តាច់ខ្លួនដ៏គ្រោះថ្នាក់បំផុត។

នៅក្នុងសេចក្តីថ្លែងការទៅកាន់អ្នកគាំទ្រនៅក្នុងយុទ្ធនាការប្រមូលផ្តុំមួយសម្រាប់ក្នុងក្រុង Lai នៃរដ្ឋធានីតៃប៉ិ លោកស្រី Tsai បានថ្លែងថា គណបក្សប្រឆាំងកំពុងប្រើប្រាស់យុទ្ធសាស្ត្រ “សន្ទនាស្តីអំពីភាពគ្រោះអាសន្ន” ដោយលើកឡើងនូវជម្រើសសម្រាប់អ្នកបោះឆ្នោតឲ្យពិចារណារវាងសង្គ្រាម និងសន្តិភាព។

លោកស្រីបានគូសបញ្ជាក់ថា “ខ្ញុំចង់សួរអ្នកទាំងអស់គ្នានៅទីនេះថាតើមានអ្នកណាចង់ឃើញសង្រ្គាមទេ? “សូមក្រឡេកមើលទៅហុងកុង ហើយបកមកគិតពីតៃវ៉ាន់ម្តងវិញ។ យើងមិនចង់បានសន្តិភាពដូចហុងកុងទេតែយើងចង់បានសន្តិភាពមួយដែលមានសេចក្តីថ្លៃថ្នូរ”។

ហុងកុងជាអតីតអាណានិគមអង់គ្លេសឥឡូវនៅក្រោមការគ្រប់គ្រងរបស់ចិនដីគោកកាលពីឆ្នាំ ១៩៩៧ ជាមួយនឹងការសន្យាប្រទេសមួយប្រពន្ធ័ពីរគឺការដឹកនាំដោយស្វ័យភាពដ៏ទូលំទូលាយក្រោមក្របខណ្ឌ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលប្រទេសចិនដីគោកក៏ចង់ផ្តល់ជូនតៃវ៉ាន់ដូចគ្នាផងដែរ ដោយមានការគាំទ្រតិចតួចសម្រាប់កោះនេះ។

ក្រុងប៉េកាំងកាលពីឆ្នាំ ២០២០ បានដាក់ច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងមួយលើក្រុងហុងកុង ដែលខ្លួនបាននិយាយថាមានសារៈសំខាន់ណាស់ក្នុងការស្តារស្ថិរភាពឡើងវិញ បន្ទាប់ពីក្រុងនេះក្លាយជាមូលដ្ឋានហិរញ្ញវត្ថុពិភពលោកហើយមានសភាពរំជើបរញ្ជួលអស់ជាច្រើនខែដោយសារតែមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ហើយប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនដីគោកដោយមានអំពើហិង្សានៅក្នុងឆ្នាំ ២០១៩ ។

លោក ស្រី Tsai ដែលត្រូវបានកំណត់អាណត្តិមិនឲ្យមានការស្វែងរកការបោះឆ្នោតឡើងវិញបានធ្វើការពង្រឹងសន្តិសុខសម្រាប់អាណត្តិរបស់គាត់ក្នុងខណ:ដែលលោក Lai បាននាំមុខគេនៅក្នុងការស្ទង់មតិដោយបានសន្យាថានឹងបន្តគោលនយោបាយលោកស្រី Tsai ។

ពួកគេនិយាយថាមានតែប្រជាជនតៃវ៉ាន់ទេដែលជាអ្នកសម្រេចអនាគតរបស់ពួកគេ ហើយបានស្នើចរចាជាមួយចិនម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានចិនបដិសេធ។

លោកស្រី Tsai បាន​ប្រាប់​ការ​ជួប​ជុំ​នោះ​ថា​៖ “​ដើម្បី​ធានា​សន្តិភាព យើង​ត្រូវ​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​យើងគឺ “មានតែការតាំងចិត្តទេ ទើបយើងអាចការពារសេចក្តីថ្លៃថ្នូរបាន ហើយមានតែពង្រឹងកម្លាំងទេ ទើបយើងអាចធានាបាននូវសន្តិភាព”។

បេក្ខជនប្រធានាធិបតីរបស់ KMT លោក Hou Yu-ih បាននិយាយកាលពីថ្ងៃសៅរ៍ថា ការបោះឆ្នោតឲ្យ DPP គឺស្មើនឹង “ការបញ្ជូនមនុស្សគ្រប់ៗគ្នាទៅស្លាប់ក្នុងសមរភូមិ” ពីព្រោះការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នឹងធ្វើឲ្យមានសង្រ្គាម។

ជាប្រពៃណី KMT ពេញចិត្តក្នុងការធ្វើទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងប្រទេសចិន ក៏ប៉ុន្តែបដិសេធយ៉ាងដាច់អហង្ការថា មិនគាំទ្រទីក្រុងប៉េកាំងនោះទេ។បក្ស KMT នេះ​បាន​សន្យាថានឹង​បើក​ការ​ចរចា​ជាមួយ​ចិន​ឡើង​វិញ​ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះ​ឆ្នោតនៅពេលដ៏ខ្លីខាងមុខនេះ៕

ប្រភព៖ Reuters/