សន្ដិសុខសង្គម

មន្ត្រីនៃមន្ទីរកសិកម្មខេត្តម្នាក់ ប្រទះឃើញស្លាប់ក្នុងបន្ទប់ផ្ទះជួល

ដោយ៖វិចិត្រ
រតនគិរី៖មន្ត្រីនៃមន្ទីរកសិកម្មខេត្តម្នាក់ បានប្រទះឃើញស្លាប់ក្នុងបន្ទប់ផ្ទះជួល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ហេតុការណ៍នេះបានកើតឡើង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពីយប់ថ្ងៃទី៣ ខែធ្នូ។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ហ៊ឹប លេខ អាយុ៤៩ឆ្នាំជាមន្ត្រីមន្ទីរកសិកម្មខេត្តរតនគិរី ស្រុកកំណើតខេត្ត បាត់ដំបង។មន្ត្រីបានបន្តថា កាលពីយប់ថ្ងៃ៣ ខែធ្នូកម្លាំងប៉ុស្តិ៍បានទទួលដំណឹងថា ម្ចាស់ផ្ទះជួលបានទូរសព្ទទៅអ្នកជួលដើម្បីទូទាត់ថ្លៃបន្ទប់ជាច្រើនលើក គឺមិនមានការឆ្លើយតបឡើយ ។ពេលនោះម្ចាស់ផ្ទះជួលក៏បានទៅគោះទ្វារបន្ទប់ជាច្រើនលើកទៀត ក៏នៅតែគ្មានការឆ្លើយតបដដែល។

បន្ទាប់មកកម្លាំងនគរបាលលប៉ុស្តិ៍ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានឯកភាពគាស់ទ្វារបន្ទប់ដើម្បីចូលទៅពិនិត្យ សមត្ថកិច្ចក៏ឃើញបុរសរូបនោះស្លាប់នៅលើគ្រែ។តាមការពិនិត្យនៃនគរបាលផ្នែកជំនាញខេត្ត ចុះធ្វើកោសល្យវិច័យបានបញ្ជាក់ថា សពអាចស្លាប់ដោយសារគាំងបេះដូង ព្រោះមិនមានស្លាកស្នាមគួរឱ្យកត់សម្លាល់ពាក់ព័ន្ធបទល្មើសទេ។
ដោយមិនមានប្រភពណាអាចទាក់ទងទៅ ក្រុមគ្រួសារសពបានភ្លាមៗនោះ សមត្ថកិច្ចបានប្រគល់សពឱ្យប្រធានមន្ទីរកសិកម្មខេត្តរតនគិរី យកទៅកម្កល់នៅវត្តភូមិថ្មី ដើម្បីធ្វើបុណ្យ និងស្វែងរកសាច់ញាតិបន្តទៀត៕