សន្ដិសុខសង្គម

ប្តីស្រែកទ្រហោយំក្រោយជិះម៉ូតូឌុបប្រពន្ធតាមផ្លូវដួលហើយត្រូវឡានកិនចំក្បាលស្លាប់

ដោយ៖សុខុម
ភ្នំពេញ ៖ ស្រ្តីម្នាក់បានស្លាប់ដោយសាររថយន្តបើកកិនចំក្បាលនៅយប់ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៣ លើផ្លូវបេតុង ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថាសពស្រ្តីរងគ្រោះឈ្មោះ ញ៉ែត ស្រី អាយុ៣៨ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំ បែកចាន មានស្រុកកំណើត នៅឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ។ រីឯប្តីឈ្មោះ ធាត់សុផល អាយុ ៤៨ឆ្នាំ។


បុរសជាប្តីបាននិយាយរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ស្ពឺ 1K- 8649 ឌុបប្រពន្ធចេញពីបន្ទប់ជួលនៅបែកចាន ក្នុងខេត្តកណ្តាល ទៅការបងប្អូននៅម្តុំព្រៃស ក្នុងខណ្ឌដង្កោ។ពេលនោះទាំងពីរនាក់ប្ដីប្រពន្ធបានធ្វើដំណើរតាមបណ្តោយផ្លូវបេតុងខាងក្រោយ តំបន់សេដ្ឋកិច្ចពិសេសក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម។ពេលកំពុងធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវ ក៏មានម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-3547 ជិះដោយបុរសម្នាក់ធ្វើដំណើរ ក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតមកលិច ក្នុងល្បឿនលឿនរេចង្កូតម៉ូតូចូលគន្លងផ្លូវ ជ្រុលមកទាក់ដៃចង្កូតម៉ូតូរបស់គាត់បណ្តាលឲ្យដួលទាំងពីរ។ ពេលនោះមានរថយន្តម៉ាកហីយ៉ាន់ដាយ ធុនធំដឹកសំបកអេតចាយ ពណ៌សពាក់ផ្លាកលេខ កណ្តាល3A-1581 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយលឿន ជាន់ហ្រ្វាំងមិនទាន់ក៏កិនពីលើចំក្បាលស្រ្តីជាប្រពន្ធបែកខួរស្លាប់តែម្តង។បុរសជាប្តីនិង ភាគីម៉ូតូមួយគ្រឿងទៀត គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ ភ្លាមនោះរថយន្តក៏បានបន្តល្បឿនបើកទៅមុខ តែត្រូវសមត្ថកិច្ចឃាត់បានទាំងអ្នកបើកបរនិងរថយន្តយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាងទុកប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងមានវិធានការបន្តតាមផ្លូវច្បាប់៕