អន្តរជាតិ

បារាំងអំពាវនាវដល់ក្រុងប៉េកាំងឲ្យបញ្ជៀសវិបត្តិនៅសមុទ្រចិនខាងត្បូង

ប្រែសម្រួល៖កញ្ញាស្រីស្រស់

នៅថ្ងៃចន្ទ ទី៤ ធ្នូ អ្នកការទូតកំពូលបារាំងបានជំរុញឲ្យក្រុងប៉េកាំងពិចារណាឡើងវិញនូវឥរិយាបថវាតទីនិយមរបស់ខ្លួនលើសមុទ្រចិនខាងត្បូង ដោយថ្លែងថា “ពិភពលោកមិនត្រូវការវិបត្តិថ្មីដែលបង្កជាជម្លោះបន្ថែមទៀតនោះទេ” ។

ក្រុងប៉េកាំងកំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួនតាមរយ:ការធ្វើសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ ខណៈដែលឆ្មាំឆ្នេរសមុទ្រចិនត្រូវបានចោទប្រកាន់ពីបទយាយីកប៉ាល់នេសាទរបស់ហ្វីលីពីននៅក្នុងដែនទឹកដែលមានជម្លោះ។

ប្រទេសអូស្ត្រាលីបានរិះគន់ក្រុងប៉េកាំងកាលពីខែមុនចំពោះទង្វើ “គ្មានសុវត្ថិភាព និងខ្វះវិជ្ជាជីវៈ” របស់ចិននៅលើសមុទ្រ ដោយចោទប្រកាន់ថា មានអ្នកមុជទឹកកងទ័ពជើងទឹករបស់ខ្លួនម្នាក់បានរងរបួសដោយសាររលកយក្សដែលបង្កឡើងដោយនាវាចម្បាំងចិនដែលនៅជិតនោះ។

លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែងនៅក្នុងក្លិបសារព័ត៌មានអូស្ត្រាលីក្នុងទីក្រុងកង់បេរ៉ាថា ប្រទេសចិនគួរតែកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកស្រីបានបន្ថែមថា “យើងមានការព្រួយបារម្ភចំពោះអ្វីដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុនមកលើកងទ័ពជើងទឹកអូស្ត្រាលី ក៏ដូចជាអ្វីដែលបានកើតឡើងចំពោះអ្នកនេសាទហ្វីលីពីនកាលពីប៉ុន្មានសប្តាហ៍មុនផងដែរ”។

លោកស្រីបានបន្ថែមថា “ការរក្សាភាពស្ងប់ស្ងាត់ និងស្ថិរភាពក្នុងតំបន់ត្រូវតែមាននៅក្នុងច្រកសមុទ្រតៃវ៉ាន់ហើយពិភពលោកមិនត្រូវការវិបត្តិដែលបង្កជាជម្លោះថ្មីទៀតនោះទេ”។

លោក Colonna បានសង្កត់ធ្ងន់ថាប្រទេសចិនគួរតែខិតខំ “ធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច” របស់ខ្លួន ហើយអន្តរជាតិក៏មានការព្រួយបារម្ភចំពោះបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសចិនផងដែរ។

លោកស្រីបានបន្តថា “កត្តាទាំងអស់នេះ យើងនឹងបន្តចូលរួមសហការជាមួយនឹងប្រទេសចិនក្នុងន័យស្ថាបនាដើម្បីជាការលើកទឹកចិត្ត”។

“កិច្ចខិតខំប្រឹងប្រែងរបស់យើងនិងទទួលបានលទ្ធផលជាវិជ្ជមានដើម្បីបង្កើតនិន្នាការក្នុងកិច្ចសហប្រតិបត្តិការមួយប្រកបដោយជោគជ័យ”។

ក្រុងប៉េកាំងទាមទារគ្រប់គ្រងភាគច្រើននៃផ្ទៃសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក និងដែនកោះដែលនៅជិតប្រទេសជិតខាងរបស់ខ្លួន។

មានប្រទេសមួយចំនួនដូចជា ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមក៏បានទាមទារកាន់កាប់កោះ និងថ្មប៉ប្រះទឹកជាច្រើនកន្លែងនៅក្នុងសមុទ្រ ដែលត្រូវបានគេជឿថាមានប្រេងដ៏សម្បូរបែប៕

ប្រភព៖ AFP