អន្តរជាតិ

តម្លៃប្រេងហក់ឡើងវិញនៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងលើជម្លោះនៅតំបន់មជ្ឈិមបូព៌ា

ប្រែសម្រួល៖សហការី

មជ្ឈិមបូព៌ាកាន់តែមានសភាពតានតឹងឡើងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដែលជំរុញឲ្យមានការការកាត់បន្ថយការផ្គត់ផ្គង់បន្ថែមទៀត ចំពោះសភាពការណ៍ដែលមិនច្បាស់លាស់នាំឲ្យមានការកាត់បន្ថយការផលិតប្រេងរបស់អង្គការ OPEC+ ដែលបង្កឲ្យមានកង្វះខាតក្នុងការឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រេងឥន្ធនៈជាសកល។

តម្លៃប្រេងឆៅរបស់ Brent បានហក់ឡើងដល់ ២៨ សេន ឬ ០.៤ ភាគរយស្មើនឹង៧៤ .១៦ ដុល្លារក្នុងមួយបារ៉ែលគិតមកត្រឹមម៉ោង ០០១៨ GMT ខណៈពេលដែលប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ ៧៤.៣៦ ដុល្លារក្នុងមួយបារ៉ែលហក់ឡើងដល់ ២៩ សេន ឬ ០.៤ ភាគរយ។

អ្នកវិភាគទីផ្សារ IG លោក Tony Sycamore បាននិយាយថា “ការកើនឡើងជាថ្មីនៃភាពតានតឹងភូមិសាស្ត្រនយោបាយនៅចុងសប្តាហ៍នេះបានធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងវិញនៅព្រឹកនេះ” ។

“ភាពតានតឹងដែលកំពុងឆាបឆេះកាន់តែរាលដាលឡើងម្តងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលជាការឆ្លើយតបទៅនឹងការវាយប្រហារជាថ្មីម្តងទៀតរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា”។

មន្រ្តីយោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធគ្នាបានបន្តនៅតំបន់ហ្គាហ្សា ហើយកប៉ាល់ពាណិជ្ជកម្មបីគ្រឿងរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិក្នុងសមុទ្រក្រហមភាគខាងត្បូង ខណៈពេលនោះក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេម៉ែនបានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចបាញ់ស្រោចមកលើនាវាដែលគេសង្ស័យថាជារបស់អ៊ីស្រាអែលចំនួនពីរគ្រឿងកំពុងធ្វើនាវាចរណ៏នៅលើសមុទ្រក្រហម។

លោក Tina Teng អ្នកវិភាគ CMC Markets បានថ្លែងថា ការបន្តសង្គ្រាមរបស់អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានជំរុញឲ្យតម្លៃប្រេងមានសន្ទុះហក់ឡើងវិញ។

លោក Teng បានបន្ថែមថា “តម្លៃប្រេងអាចបន្តស្ថិតនៅក្រោមសម្ពាធក្នុងពេលនេះ ដោយសារការបរាជ័យរបស់ចិននៅក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនិងការកើនឡើងនូវលទ្ធកម្មរបស់សហរដ្ឋអាមេរិក” ។

ក្រុមហ៊ុនផ្តល់សេវាកម្មថាមពល Baker Hughes បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រថា អណ្តូងប្រេងរបស់អាមេរិកបានកើនឡើងចាប់ពី ៥ ឡើងទៅ។

តម្លៃប្រេងកំពុងស្ទុះងើបឡើងពីការធ្លាក់ចុះជាង ២ ភាគរយកាលពីសប្តាហ៍មុនធ្វើឲ្យវិនិយោគិនមានការសង្ស័យលើការកាត់បន្ថយការផ្គត់ផ្គង់របស់អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ហៅកាត់ថា OPEC+ ដែលបង្កឲ្យមានការព្រួយបារម្ភចំពោះសកម្មភាពផលិតជាសកលដែលកំពុងធ្លាក់ចុះ។

អ្នកវិភាគ RBC Capital រួមទាំងលោក Mike Tran បានធ្វើការគូសបញ្ជាក់នៅក្នុងកំណត់ត្រាមួយថា “តម្លៃប្រេងទំនងជានៅមានការប្រែប្រួលហើយគ្មានទិសដៅច្បាស់លាស់ដែលធ្វើឲ្យទីផ្សាររង្គោះរង្គើដោយសារទិន្នន័យមិនច្បាស់លាស់លើការកាត់បន្ថយការផលិតប្រេង” ។

បណ្តាប្រទេសលោកខាងលិចបានបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តក្នុងការកំណត់តម្លៃប្រេងរុស្ស៊ីមកនៅត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែលសម្រាប់ការលក់ចេញដោយសាររងទណ្ឌកម្មក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អង្គភាព​ចំនួន​បី​និង​នាវា​ដឹក​ប្រេង​ចំនួនបី​ផងដែរ។

ដោយឡែកសេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹង “ផ្អាក” ការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់សមាជិក OPEC ដូចជាប្រទេសវ៉េណេស៊ុយអេឡាជាដើម នៅប៉ុន្មានថ្ងៃខាងមុខនេះលុះត្រាតែមានការដោះលែងអ្នកទោសនយោបាយវេណេហ្ស៊ុយអេឡាបន្ថែមទៀត និងបញ្ឈប់ការ “ឃុំខ្លួនជនជាតិអាមេរិកដោយខុសច្បាប់”  ទន្ទឹម​នឹង​នេះ ឥណ្ឌា​នៅតែ​បន្ត​​ទិញ​ប្រេង​ពី​វ៉េណេស៊ុយអេឡាដដែល៕

ប្រភព៖ Reuters