សន្ដិសុខសង្គម

ឃុំខ្លួន៥នាក់ ករណីផ្សាយផលិតផលអនឡាញ ប្រើសម្ដីអាសអាភាសនិងសញ្ចារកម្ម

ដោយ៖វិចិត្រ
កណ្តាល៖កម្លាំងនគរបាលខេត្តកណ្តាល នៅថ្ងៃទី៣ ខែធ្នូបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនប្រុសស្រីចំនួន៥នាក់ ករណីបង្ហោះឡាយវីដេអូ ក្នុងបណ្តាញហ្វេសប៊ុក និងតីកតុក ក្នុងន័យញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍-ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ បានប្រព្រឹត្តបទល្មើស កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣កន្ងទៅនៅផ្ទះជួលមួយ ស្ថិតក្នុងភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ប្រុសស្រី៥នាក់នោះ ឈ្មោះ ស៊ុន សាំងលី ហៅក្រៅម៉ាក់លីន អាយុ៣៤ឆ្នាំ-ឈ្មោះម៉ើ ស្រីលាក់ អាយុ២៣ឆ្នាំ-ឈ្មោះ ទូច ស្រីមី ហៅក្រៅអាមៀវ អាយុ២៩ឆ្នាំ-ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំនិងឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ២៩ឆ្នាំ។


ពេលចុះឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចចាប់បានវត្ថុតាង-ទូរសព្ទចំនួន៧គ្រឿង-ម៉ាកVIVOROM-ម៉ាកSAMSUNG-ម៉ាកOPPO Find X5-ម៉ាកIPhone11Pro Max-ម៉ាកOPPO A92-ម៉ាកHUAWEI NOVA3 និងម៉ាកIPhone12 Pro Max ។

មុនឃាត់ខ្លួនពួកគេបានឡាយលក់ផលិតផលរបស់ខ្លួន ដោយប្រើពាក្យអាសអាភាស ចំអេសចំអាសអាក្រក់ស្តាប់បំផុត។ពួកនេះបានពាក្យសម្តីមិនសមរម្យធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ។

សមត្ថកិច្ចបានបញ្ជាក់ថា អំពើខាងលើជាបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍-ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្មតាមបញត្តិមាត្រា២៨៤,មាត្រា៤៩៥ និងមាត្រា ៤៩៦នៃក្រមព្រហ្មទណ្ឌ។បន្ទាប់មកកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ហើយតុលាការក៏ឃុំខ្លួនជនត្រូវចោទទាំង៥នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នរង់ចាំបើកសវនាការនៅពេលក្រោយ៕