សេដ្ឋកិច្ច

វៀតណាមនឹងស៊ើបអង្កេតលើការដោះស្រាយកំណើនឥណទានធនាគារកណ្តាល ក្រោយមានរឿងអាស្រូវពុករលួយ

ប្រែសម្រួល៖ សហការី ​

កាលពីថ្ងៃសៅរ៍ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថារដ្ឋាភិបាលវៀតណាមនឹងបើកការស៊ើបអង្កេតលើដំណើរការជំរុញឲ្យមានកំណើនឥណទានរបស់ធនាគារកណ្តាល បន្ទាប់ពីរដ្ឋាភិបាលសង្កេតឃើញថាឥណទានមានការកើនឡើងយឺតខ្លាំងពេក។

នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងបាននិយាយថា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានស្នើឲ្យអធិការកិច្ចរដ្ឋាភិបាលធ្វើការស៊ើបអង្កេតលើបញ្ហានេះ។

ធនាគារកណ្តាលរបស់វៀតណាម (SBV) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយទេ។

ភាគច្រើននៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺពឹងផ្អែកលើកំណើនឥណទានដែលគ្រប់គ្រងដោយធនាគារកណ្តាល ដែលជាស្ថាប័នកំណត់គោលដៅប្រចាំឆ្នាំសម្រាប់ធនាគារក្នុងគោលបំណងគ្រប់គ្រងការផ្តល់ប្រាក់កម្ចី និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ធនាគារកណ្តាល SBV ដែលជាស្ថាប័នកំណត់គោលដៅកំណើនឥណទាន ១៤ ភាគរយសម្រាប់ប្រព័ន្ធធនាគារនៅឆ្នាំនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ប្រាក់កម្ចីមានការកើនឡើងត្រឹមតែ ៨.២១ ភាគរយគិតមកត្រឹមថ្ងៃទី ២២ ខែវិច្ឆិកាធៀបនឹងចុងឆ្នាំមុនកំណើនឥណទាននេះមិនស្មើគ្នាក្នុងចំណោមធនាគារដទៃទៀតនោះទេ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមួយផ្សេងទៀតបាននិយាយថា លោក Khai បានប្រាប់ធនាគារកណ្តាល SBV នៅក្នុងកិច្ចប្រជុំមួយនៅសប្តាហ៍នេះថា កំណើនឥណទានមានកម្រិតទាបពេក ដោយបានណែនាំធនាគារកណ្តាលឲ្យពិនិត្យឡើងវិញនូវសកម្មភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារពាណិជ្ជនីមួយៗ។

ធនាគារកណ្តាល SBV បាននិយាយថា កំណើនឥណទានមានកម្រិតទាប ដោយសារតែ “សេដ្ឋកិច្ចនៅតែប្រឈមនឹងការលំបាកជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចយឺតពេកដូច្នេះហើយតម្រូវការសម្រាប់ប្រាក់កម្ចីមានសភាពចុះខ្សោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាល ។

មន្ត្រី SBV ម្នាក់ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងសំណុំរឿងទទួលសំណូកដែលប៉ូលិសបាននិយាយថាមានការក្លែងបន្លំសាច់ប្រាក់ជាង ១២ ពាន់លានដុល្លារស្មើនឹង ៣.២ ភាគរយនៃសេដ្ឋកិច្ចសរុបក្នុងស្រុក។

Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group និងបក្ខពួករបស់នាងបានកិបកេងប្រាក់ចំនួន ៣០៤ ពាន់ពាន់លានដុងស្មើនឹង ១២.៥ ពាន់លានដុល្លារអាមេរិក ពីធនាគារ Saigon Joint Stock Commercial Bank នេះបើយោងតាមការស៊ើបអង្កេតដែលបានរកឃើញថាមន្ត្រីជាន់ខ្ពស់របស់ SBV បានទទួលប្រាក់រាប់សិបលានដែលជាប្រាក់សូកប៉ាន់​ពី Lan ដើម្បី​លើកលែង​អំពើ​ខុសច្បាប់​របស់​នាង៕

ប្រភព៖ Reuters