អន្តរជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិករឹតបន្តឹងការនាំចេញឧបករណ៍អេឡិចត្រូនិកនិងបច្ចេកវិទ្យាទំនើបៗទៅប្រទេសចិន

ប្រែសម្រួល៖សហការី

នៅថ្ងៃសៅរ៍ ថ្ងៃទី ២ ខែធ្នូ  Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានជំរុញសមាជិកសភា Silicon Valley និងសម្ព័ន្ធមិត្តអាមេរិកឲ្យឈប់នាំចេញឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបៗទៅកាន់ប្រទេសចិនព្រោះវាអាចបង្កនូវហានិភ័យដល់សន្តិសុខជាតិ។

ថ្លែងនៅក្នុងវេទិកាសន្តិសុខជាតិប្រចាំឆ្នាំនៅ Simi Valley រដ្ឋកាលីហ្វ័រញ៉ា  Raimondo បានចាត់ទុកក្រុងប៉េកាំងថាជា “ការគំរាមកំហែងដ៏ធំមិនធ្លាប់មានពីមុនមក” ថែមទាំងសង្កត់ធ្ងន់ថា “ចិនមិនមែនជាមិត្តរបស់យើងនោះទេ” ។

ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំងពីរនៅលើពិភពលោកត្រូវបានជាប់គាំងដោយសារតែការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយដ៏ចម្រូងចម្រាស់រហូតមកទល់នឹងពេលនេះ។

កាលពីខែតុលា Raimondo បានធ្វើការរឹតបន្តឹងជាបន្តបន្ទាប់ចំពោះការនាំចេញបន្ទះឈីបដែលមាន

បច្ចេកវិទ្យាកម្រិតខ្ពស់ទៅកាន់ប្រទេសចិន រួមទាំងឧបករណ៍សម្រាប់ប្រើក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដើម្បីជៀសវាងយកទៅប្រើប្រាស់សម្រាប់ក្នុងគោលដៅយោធារបស់ប្រទេសចិន។

“ខ្ញុំដឹងថានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបន្ទះឈីបមួយចំនួនមានការមិនពេញចិត្តជាមួយខ្ញុំនៅពេលដែលខ្ញុំធ្វើដូច្នេះដោយសាខ្ញុំធ្វើឲ្យអ្នកបាត់បង់ប្រាក់ចំណូល។ វិធានការរបស់ខ្ញុំគឺធ្វើឡើងដើម្បីការពារអាយុជីវិតប្រទេសជាតិនិងព្យាយាមរក្សាការពារសន្តិសុខជាតិរបស់យើងដែលមានសារសំខាន់ជាងប្រាក់ចំណូលរបស់អ្នក”។

សារព័ត៌មាន “Newsflash បានដកស្រង់សម្តី Raimondo ថា រក្សាការពារប្រជាធិបតេយ្យគឺជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់ស្ថិរភាបអាជីវកម្មរបស់អ្នក។ ពង្រឹងនីតិរដ្ឋនៅជុំវិញពិភពលោកគឺជាវិធានដ៏ល្អសម្រាប់ការអភវឌ្ឍអាជីវកម្មរបស់អ្នក”។

Raimondo បានកត់សម្គាល់ថា Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះសៀគ្វីដ៏ទំនើបបំផុតដែលជាតម្រូវការសម្រាប់ផលិត AI ជំនាន់ចុងក្រោយបង្អស់ត្រូវបានក្រសួងពាណិជ្ជកម្មកំណត់ឲ្យផលិតក្នុងបរិមាណទាបបំផុតដើម្បីជៀសវាងការនាំចេញទៅកាន់ប្រទេសចិន។

គាត់ទទួលស្គាល់ស្នាដៃរបស់ “ឧស្សាហកម្មផលិតឧបករណ៍” ប៉ុន្តែគាត់បានលើកឡើងថាផលិតកម្មនៃឧបករណ៍ទាំងនោះមិនមែនជាផលិតភាពនោះទេ”។

“ជារៀងរាល់ថ្ងៃចិនបាននិងកំពុងព្យាយាមរកវិធីគេចចេញពីការគ្រប់គ្រងរបស់យើងក្នុងការនាំចេញឧបករណ៍បច្ចេកវិទ្យាទាំងនោះមានន័យថារាល់ថ្ងៃនៅរៀងរាល់វិនាទីយើងត្រូវរឹតបន្តឹងជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងក្នុងការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពទ្វេដង ” ។

Raimondo បានសង្កត់ធ្ងន់ថាស្ថាប័នរបស់នាងត្រូវការមូលនិធិឲ្យបានច្រើនថែមទៀតដើម្បីអនុវត្តវិធានការនេះប្រកបដោយប្រសិទ្ធភាពបំផុត។

គាត់បាន​និយាយ​ថា​៖”​ខ្ញុំ​មាន​ថវិកាត្រឹមតែ​ ២០០ ​លាន​ដុល្លារទេ​បើធៀបនឹងថ្លៃ​យន្តហោះ​ចម្បាំងគឺស្មើនិង​យន្តហោះ​ចម្បាំង​ពីរ​បី​គ្រឿង​តែប៉ុណ្ណោះសូមជួយ​ផ្តល់​មូលនិធិសម្រាប់​គាំទ្រកិច្ច​ប្រតិបត្តិការ​នេះយើងកំពុង​ត្រូវ​ការ​មូលនិធិបន្ថែម”​ខ្ញុំ​ជឿថាយើង​អាច​ធ្វើ​បាន យើង​ត្រូវ​ធ្វើរឿងមួយនេះ​ដើម្បី​ការពារប្រទេស​ជាតិរបស់យើង”។

Raimondo បានចង្អុលបង្ហាញថា “អាមេរិកជាប្រទេសឈានមុខគេនៅលើពិភពលោកក្នុងវិស័យបញ្ញាសិប្បនិមិត្តហើយអាមេរិកក៏នាំមុខគេក្នុងការរចនាគ្រឿងអេឡិចត្រូនិកបច្ចេកវិទ្យាកម្រិតខ្ពស់ផងដែរ” Raimondo បានបញ្ជាក់យ៉ាងដូច្នេះ៕

ប្រភព៖ AFP