ព័ត៌មានជាតិ

ឆ្នេរខ្សាច់១រួមទាំងព្រែកចំនួន៥របស់ខេត្តកំពតបានទទួលជ័យលាភីក្នុងការប្រលងប្រណាំងឆ្នេរនិងព្រែកស្អាតឆ្នាំ២០២៣

ដោយ៖ កំចាយ

កែប៖ ឆ្នេរខ្សាច់កោះស្មៅ រួមទាំងព្រែកចំនួន៥ផ្សេងទៀតរបស់ខេត្តកំពតបានទទួលជ័យលាភីពីការប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ប្រចាំឆ្នាំ២០២៣។ នេះបានបង្ហាញឱ្យឃើញថាខេត្តកំពតមានទីតាំងពោរពេញដោយភាពទាក់ទាញ និងល្អស្អាតជាច្រើនកន្លែងសម្រាប់ភ្ញៀវកម្សាន្ត។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែបមានរៀបចំពិធីប្រកាស និងប្រគល់ពានជូនម្ចាស់ជ័យលាភីប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ប្រចាំឆ្នាំ២០២៣។

តាមរយ:ពិធីដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ខេត្តកំពតមានឆ្នេរខ្សាច់១ និងព្រែកចំនួន៥ទទួលបានជ័យលាភី និងចំណាត់ថ្នាក់ពីការប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១។ ឆ្នេរកោះស្មៅស្ថិតក្នុងស្រុកទឹកឈូទទួលបានជ័យលាភី “ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត” លំដាប់ឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិតមធ្យម។ ចំណែកព្រែកកម្សាន្តស្អាតទាំង៥  រួមមាន ១. សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” លំដាប់ព្រែកកម្សាន្តស្អាតកម្រិតល្អណាស់, ២. ព្រែកកោងកាងកំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” លំដាប់ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, ៣. ព្រែកសហគមន៍ទេសចរណ៍កែបថ្មី ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” លំដាប់ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, ៤. ព្រែកសហគមន៍ទេសចរណ៍ព្រែកត្នោត ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” លំដាប់ព្រែកកម្សាន្តស្អាតកម្រិតមធ្យម,  ៥. ព្រែកសហគមន៍ទេសចរណ៍អន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” លំដាប់ព្រែកកម្សាន្តស្អាតកម្រិតមធ្យម។

 

សូមបញ្ជាក់ថា ការប្រលងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាតលើទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ បានធ្វើឡើងតាមគោលការណ៍ណែនាំស្តីពី “ការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត”។ គោលការណ៍នេះបានដាក់ឱ្យអនុវត្តក្នុងក្របខណ្ឌតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលដោយប្រកាសរបស់គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីជំរុញ ព្រមទាំងលើកទឹកចិត្តដល់ការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្ត ហើយត្រូវបានដាក់ចេញនូវប្រកាសស្តីពី “ការប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត”។ ជ័យភីដែលទទួលបានសម្រាប់ឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្តមានសុពលភាពចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥៕