សន្ដិសុខសង្គម

ឃុំខ្លួនម្ចាស់ឱសថស្ថាន”ពន្លឺសុខភាព”ដាក់ពន្ធនាគារក្រោយព្យាបាលអ្នកជំងឺម្នាក់ស្លាប់

ដោយ៖សុខុម

រតនគិរី៖ម្ចាស់ឱសថស្ថានពន្លឺសុខភាពនៅក្រុងបានលុងខេត្តរតនគីរីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការនិងឃុំជាបណ្ដោះអាសន្នដាក់ពន្ធនាគារហើយក្រោយពីព្យាលអ្នកជំងឺម្នាក់ស្លាប់។ នេះបើតាមលោកកែវ ពិសុទ្ធអ្នកនាំពាក្យសាលាដំបូងខេត្តរតនគីរីប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងនៅព្រឹកថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២៣។

ជនត្រូវចោទឈ្មោះលុយ ទី មានតួនាទីជា សមាជិកក្រុមប្រឹក្សាសង្កាត់ឡាបានសៀក និងជាម្ចាស់ឱសថស្ថាន”ពន្លឺសុខភាព”មានទីតាំងស្ថិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង។

ដើមចមឈានទៅដល់មានការឃាត់ខ្លួនម្ចាស់ឱសថខាងលើនេះកាលពីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅអ្នកជំងឺម្នាក់ឈ្មោះប្រាក់ សុភាពអាយុ៣៩ឆ្នាំមុខរបរកម្មកចៀរជ័រកៅស៊ូ និងមានប្រពន្ធឈ្មោះឈួន ស្រីរ័ត្នអាយុ២៩ឆ្នាំមានទីលំនៅភូមិ២សង្កាត់កាចាញក្រុងបានលុង។

ប្រពន្ធជនរងគ្រោះរៀបរាប់ឲ្យដឹងថាប្តីរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូពេលកំពុងដឹកជ័រកៅស៊ូយកមកផ្ទះ គឺបោកត្រូវចំដើមទ្រូងហើយគាត់ក៏នាំប្តីទៅព្យាបាលនៅកន្លែងឱសថស្ថានខាងលើ។ពេលនោះគ្រូពេទ្យបានព្យួរសេរ៉ួមអស់៤-៥ផ្លោកក្នុងរយៈពេល៧ម៉ោងប៉ុន្តែអ្នកជំងឺមិនធូរស្រាលទាល់សោះ។អ្នកជំងឺមានសភាពមិនស្រួលខ្លាំងក្រុមគ្រួសារបានសុំគ្រូពេទ្យយកអ្នកជំងឺចេញទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ក៏ប៉ុន្តែប្រធានគ្រប់គ្រងព្យាបាលនោះមិនព្រមឲ្យយកអ្នកជំងឺចេញទៅណាទេព្រោះគេចេះព្យាបាលហើយ។

បន្ទាប់មកក្រុមគ្រួសារក៏សម្រេចចិត្តឱ្យអ្នកជំងឺនៅសម្រាកព្យាបាលបន្ត។ប៉ុន្តែអ្វីដែលក្រុមគ្រូពេទ្យឱសថស្ថាន”ពន្លឺសុខភាព”បានអះអាងនោះមិនអាចជួយសង្គ្រោះជីវិតមនុស្សបានឡើយអ្នកជំងឺកាន់តែធ្ងន់ធ្ងររហូតដាច់ខ្យល់ស្លាប់ទើបគ្រូពេទ្យឲ្យយកសពចេញទៅផ្ទះ។

ក្រោយពីមានការប្រតិកម្មពីក្រុមគ្រួសារទៅលើគ្រូពេទ្យម្ចាស់ឱសថស្ថានខាងលើទើបសមត្ថកិច្ចចុះឃាត់ខ្លួនបញ្ជូនទៅតុលាការដាក់ពន្ធនាគាររង់ចាំការស៊ើបអង្កេតជាបន្តទៀត។

សូមរំលឹកថាលោកលុយ ទីម្ចាស់ឱសថស្ថាន”ពន្លឺសុខភាព”កាលពីថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៦កន្លងមកធ្លាប់ជាប់ពន្ធនាគារម្តងរួចហើយករណីឃុបឃិតជាមួយបក្ខពួកជាអ្នក កាន់ឃ្លាំងឱសថ ពីបទលួចថ្នាំពេទ្យជាច្រើនប្រអប់មានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ក្រោយមកត្រូវបានដោះលែងចេញពីពន្ធនាគារហើយក្លាយសមាជិកក្រុមប្រឹក្សាសង្កាត់ឡាបានសៀកក្រុងបានលុងនិងបើកទីតាំងឱសថព្យាបាលអ្នកជំងឺដ៏ធំមួយ។ក្រោយពីព្យាបាលអ្នកជំងឺម្នាក់ស្លាប់ជំនាញសុខាភិបាលខេត្តរតនគីរីបានសម្រេចបិទទីតាំងឱសថស្ថានពាក់ព័ន្ធនេះជាបណ្ដោះអាសន្នហើយ៕