អន្តរជាតិ

កូរ៉េខាងជើងដូចជាចង់ស្លឈាមខ្លាំងណាស់ក្រោយកូរ៉េខាងត្បូងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាជាលើកដំបូងរបស់ខ្លួន

ប្រែសម្រួល៖សហការី

ប្រទេសកុម្មុយនិស្តផ្តាច់ការកូរ៉េខាងជើង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានអ្នកវិភាគអន្តរជាតិបានមើលឃើញថា ហាក់ដូចជាច្រាស់ច្រាល់ស្លឈាមខ្លាំងណាស់ ខណៈដែលកូរ៉ែខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាជាលើកដំបូងរបស់ខ្លួនបានជោគជ័យនោះ។

ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានប្រកាស ថាទីបញ្ជាការប្រតិបត្តិការផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើង បាននិងកំពុងចាប់ផ្តើមបេសកកម្មឈ្លបយកការណ៏លើវិស័យយោធាយ៉ាងសកម្មហើយបេសកកម្មឈ្លបយកការណ៏នេះនិងជំរុញឲ្យស្ថានីយអវកាសរបស់ខ្លួនក្លាយទៅជាអង្គភាពចារកម្មយោធានៅលើអវកាស។

ផ្កាយរណបចារកម្មយោធាកូរ៉េខាងជើងដំបូងបង្អស់ដែលបានបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃទី ២១ ខែវិច្ឆិកា

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានអះអាងថា ទីបញ្ជាការប្រតិបត្តិការដែលរៀបចំនៅមជ្ឈមណ្ឌលចារកម្មយោធារបស់ក្រុងព្យុងយ៉ាងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពបច្ចេកវិទ្យាអវកាសជាតិហៅកាត់ថា NATA បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនកាលពីថ្ងៃសៅរ៍ដែលគេរំពឹងថានឹងផ្តល់ព័ត៌មានដែលទទួលបានបន្តទៅកាន់ការិយាល័យឈ្លបយកការណ៍របស់កងទ័ព និងអង្គភាពសំខាន់ៗផ្នែកសន្តិសុខផ្សេងទៀត។

កូរ៉េខាងជើងបានថ្លែងថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងបង្អស់បានដោយជោគជ័យកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ដោយបានបញ្ជូនរូបភាពរបស់សេតវិមាន មន្ទីរបញ្ចកោណ មូលដ្ឋានកងទ័ពអាមេរិក និង “តំបន់គោលដៅ” ផ្សេងៗទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

តែរហូតមកទល់ពេលនេះក្រុងព្យុងយ៉ាងនៅមិនទាន់បានបញ្ចេញរូបភាពណាមួយពីផ្កាយរណបរបស់ខ្លួននៅឡើយទេ ដោយទុកឲ្យអ្នកវិភាគ និងរដ្ឋាភិបាលប្រទេសដទៃទៀតជជែកដេញដោលដោយបង្កើតជាសំណួរថាតើផ្កាយរណបថ្មីនេះពិតជាមានសមត្ថភាពដូច្នោះមែនឬមួយយ៉ាងណា?

នៅក្នុងអត្ថបទដាច់ដោយឡែកមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA កាលពីថ្ងៃអាទិត្យ អ្នកធ្វើអត្ថាធិប្បាយយោធាកូរ៉េខាងជើងដែលគេមិនស្គាល់អត្តសញ្ញាណម្នាក់បានចេញមកនិយាយថា ប្រទេសកូរ៉េខាងត្បូងត្រូវបានស្តីបន្ទោសចំពោះការងាកចេញពីកិច្ចព្រមព្រៀងស្តីពីការកសាងទំនុកចិត្តគ្នាទៅវិញទៅមកលើវិស័យយោធា ហើយក៏គ្រាន់តែបញ្ជាក់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួនបានដោយជោគជ័យដូចដែលប្រទេសផ្សេងទៀតបានធ្វើផងដែរ។

កូរ៉េខាងត្បូងបានបញ្ជាក់ថា ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន បានទៅដល់គន្លងតារាវិថី បន្ទាប់ពីការបាញ់បង្ហោះរ៉ុក្កែត SpaceX ដោយជោគជ័យ។ (រូបថត៖ X/SpaceX)

អត្ថបទនេះក៏បានបន្ថែមថាការចាប់ផ្តើមបេសកកម្មឈ្លបយកការណ៍យោធាលើកដំបូងរបស់កូរ៉េខាងត្បូងក្នុងខែនេះ បានបង្ហាញឲ្យឃើញពីសមត្ថភាពខុសគ្នារួចទៅហើយ។

ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត SpaceX Falcon 9 កាលពីថ្ងៃសុក្រ បាននាំយកផ្កាយរណបចារកម្មយោធាដំបូងបង្អស់របស់កូរ៉េខាងត្បូងចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ាទៅកាន់គន្លង។ ប្រទេសកូរ៉េខាងត្បូងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអាមេរិក SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដែលមានចំនួន ៥ គ្រឿងរហូតដល់ឆ្នាំ ២០២៥ នេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនយុទ្ធនាការបស់ខ្លួនក្នុងគោលដៅឃ្លាំមើលក្នុងរយ:ពេល២៤ ម៉ោងទៅ ២៤ ម៉ោងនៅលើងអវកាសនៃឧបទ្វីបកូរ៉េ។

កូរ៉េខាងត្បូងបានបញ្ជាក់ថា ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន បានទៅដល់គន្លងតារាវិថី បន្ទាប់ពីការបាញ់បង្ហោះរ៉ុក្កែត SpaceX ដោយជោគជ័យ។ (រូបថត៖ X/SpaceX)

ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីខែមុនថា ខ្លួននឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធឲ្យបានខ្លាំងក្លាហើយច្រើនជាងមុនរួមទាំងបំពាក់នូវសព្វាវុធថ្មីៗនិងដ៏ទំនើបៗនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយនិងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីក្រុងសេអ៊ូលបានងាកចេញពីកិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខីរួមគ្នាកាលពីឆ្នាំ ២០១៨ រវាងកូរ៉េទាំងពីរជុំវិញករណីបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ក្រុងព្យុងយ៉ាង៕

ប្រភព៖ Reuters