អន្តរជាតិ

អាមេរិកនឹងដាក់បម្រាមទិដ្ឋាការក្នុងពេលឆាប់ៗនេះលើអ្នកតាំងទីលំនៅរបស់អ៊ីស្រាអែលជ្រុលនិយមនៅតំបន់West Bank

ប្រែសម្រួល៖សហការី

ក្រុងវ៉ាស៊ីនតោន បានជូនដំណឹងដល់អ៊ីស្រាអែលថាក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ រដ្ឋបាលរបស់លោក បៃឌិននឹងដាក់បម្រាមទិដ្ឋាការលើអ្នកតាំងលំនៅជ្រុលនិយមអ៊ីស្រាអែល ដែលបានប្រើអំពើហិង្សាលើជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ West Bank ដែលកាន់កាប់ដោយប៉ាឡេស្ទីន។

ក្នុងជំនួបរបស់គាត់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងគណៈរដ្ឋមន្ត្រីរបស់គាត់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ពួកគេឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការប្រឆាំងនឹងអ្នកតាំងទីលំនៅជ្រុលនិយមអ៊ីស្រាអែលមួយចំនួននៅតំបន់ West Bank ។

តំបន់ West Bank ជាទឹកដីដែលប៉ាឡេស្ទីនស្វែងរកអធិបតេយ្យភាពក្នុងនាមជារដ្ឋឯករាជ្យមួយត្រូវបានជួបប្រទះនូវការកើនឡើងនៃអំពើហិង្សានៅក្នុងប៉ុន្មានខែថ្មីៗនេះ នៅចំពេលដែលមានការពង្រីកនូវការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វបន្ថែមទៀតនិងការជាប់គាំងជិតមួយទសវត្សរ៍ក្នុងការបង្កើតសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក។

អំពើហិង្សាដែលកាន់តែកើនឡើងក្នុងកម្រិតខ្ពស់ជាង ១៥ ឆ្នាំមុននៅឆ្នាំនេះបានកើនឡើងបន្ថែមទៀតបន្ទាប់ពីអ៊ីស្រាអែលបានធ្វើសង្រ្គាមជាថ្មីមួយនៅក្នុងតំបន់ហ្គាហ្សាដែលជាការឆ្លើយតបទៅនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលបានបញ្ចេញថ្វីដៃដ៏សាហាវបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាកន្លងមក។

នៅពេលសាកសួរដោយអ្នកសារព័ត៌មាន លោក Eylon Levy អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា លោកមិនមានការធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ប៉ុន្តែលោកបាននិយាយថា អ៊ីស្រាអែលបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើទុច្ចរិត ឬការប៉ុនប៉ងណាមួយរបស់សកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលពួកគេបានលេងសើចជាមួយនឹងច្បាប់។

សហរដ្ឋ​អាមេរិក​មានការ​ព្រួយ​បារម្ភ​​ជុំវិញ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នៅ​តំបន់ West Bank ដោយ​បេ្តជ្ញាថា​ត្រូវ​តែ​បញ្ឈប់​អំពើ​ហិង្សា​នៅ​តំបន់ West Bank ។ ប្រធានាធិបតីសហរដ្ឋអាមេរិលោក Joe Biden ត្រូវបាន Washington Post ចុះផ្សាយនៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃទី ១៨ ខែវិច្ឆិកាក្រោមចំណងជើងថាការគំរាមចាត់វិធានការប្រឆាំងនឹងអ្នកតាំងលំនៅជ្រុលនិយមអ៊ីស្រាអែលរបស់លោក Joe Biden ។

ក្មេងប្រុសEitan Yahalomi អាយុ 12 ឆ្នាំដែលត្រូវបានដោះលែងនៅថ្ងៃទី 27 ខែវិច្ឆិកានៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sourasky (Ichilov) ក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

“ខ្ញុំបាននិយាយជាមួយមេដឹកនាំអ៊ីស្រាអែលដោយសង្កត់ធ្ងន់ទៅលើអំពើហិង្សាជ្រុលនិយមប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ត្រូវតែបញ្ឈប់ ហើយអ្នកដែលប្រព្រឹត្តអំពើហិង្សាត្រូវតែទទួលខុសត្រូវតាមច្បាប់។ សហរដ្ឋអាមេរិកបានត្រៀមចាត់វិធានការដោយចេញបម្រាមទិដ្ឋាការប្រឆាំងនឹងពួកជ្រុលនិយមដែលបានវាយប្រហារមកលើជនស៊ីវិល។

មន្ត្រីក្រសួងការបរទេស ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះព្រោះវាជាបញ្ហារសើប បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យអ៊ីស្រាអែលកាត់ទោសជនល្មើស ប៉ុន្តែនៅមិនទាន់ឃើញវិធានការបែបនេះនៅឡើយទេ។ មន្ត្រី​រូប​នេះ​បាន​និយាយ​ថាមានការ​ហាមប្រាមទិដ្ឋាការ​អាច​នឹង​កើត​មាន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ។

បើតាមតួលេខរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ការវាយប្រហារប្រចាំថ្ងៃបានកើនឡើងទ្វេដង ចាប់តាំងពីក្រុមហាម៉ាសបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១,២០០ នាក់ និងចាប់ជាចំណាប់ខ្មាំងប្រហែល ២៤០ នាក់។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក និងចូលឈ្លានពានតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ១៥,០០០ នាក់៕

 

ប្រភព៖ Reuters