ព័ត៌មានជាតិ

អភិបាលខេត្ដកំពង់ចាមឲ្យសិស្សជាប់និទ្ទេស«A»ទាំង១០៣នាក់ក្រោយបញ្ចប់ឧត្តមសិក្សាវិលត្រឡប់មកជួយអភិវឌ្ឍន៍ខេត្តវិញ

ដោយ៖ គង់ហេង

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើដល់សិស្សទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស«A»(អេ)ទាំង ១០៣ រូប ក្រោយពេលរៀនចប់នៅថ្នាក់ឧត្តមសិក្សា សូមវិលត្រឡប់មកជួយអភិវឌ្ឍខេត្តវិញ ឱ្យបានរីកចម្រើន ។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងក្រុងកំពង់ចាមចំនួន ២៦ នាក់ ដោយបានផ្តល់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ទទួលបានកុំព្យួទ័រយួរដៃចំនួន មួយ គ្រឿង និងថវិកាចំនួន មួយលាន រៀល នៅក្នុងសាលាខេត្តនៅថ្ងៃទី ១ ធ្នូនេះលោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា នេះជាការលើកទឹកចិត្តដល់ក្មួយៗ ដែលខិតខំប្រឹងរៀនសូត្ររយៈពេល ១២ ឆ្នាំកន្លងទៅ គឺជាលទ្ធផលជោគជ័យមួយផ្នែក នៃចំណេះដឹងទូទៅ។

លោកបានបន្ថែមថា  ឥឡូវយើងគិតពីអនាគត ជាពិសេសត្រូវបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រឡងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។

សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទូទាំងខេត្តកំពង់ចាមមានបេក្ខជនមកប្រលងចំនួន ៨.៦៦២នាក់ បេក្ខជនប្រឡងជាប់ចំនួន ៦.២៧២នាក់ ស្មើនឹង ៧២,៤១ភាគរយ ក្នុងនោះសិស្ស ប្រឡងជាប់និទ្ទេស A មានចំនួន ១០៣នាក់ គឺជាប់ចំណាត់ថ្នាក់លេខ ៤ ខណៈបេក្ខជន ប្រលង ជាប់និទ្ទេស A នៅទូទាំងប្រទេស មាន ចំនួន ១.៦៧៣នាក់នោះ៕