សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យជាក្រុមអ្នកលេង៣នាក់ ប្រើដាវ,កាំបិតប៉័ងតោទៅតុលាការ

ដោយ៖សហការី

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោ បានបង្ហាញមុខជាសាធារណៈ រៀបចំសំណុំរឿង នឹងនាំជនសង្ស័យ៣នាក់ទៅតុលាការ ករណីប្រើដាវ-កាំបិតប៉័ងតោ បង្កឱ្យជនរងគ្រោះរងរបួស។
មន្រ្តីនគរបាលខណ្ឌបានឱ្យដឹងនៅថ្ងៃទី២ ខែធ្នូនេះថា ក្រោយពីមានអំពើហិង្សា កម្លាំងជំនាញបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប្រើដាវកែច្នៃ-កាំបិតប៉័ងតោ។ការឃាត់ខ្លួននៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យ៣នាក់ឈ្មោះ លឹម សុវិសាល អាយុ១៧ឆ្នាំ-ឈ្មោះ នាង សេរីនររាជ អាយុ១៨ឆ្នាំ-ឈ្មោះគន សុខហេងអាយុ១៨ឆ្នាំ។ពួកគេជាសិស្សនៅភូមិកាកាប-ភូមិចម្ការឪឡឹក-ភូមិប្រការ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះឈ្មោះ ប៉ែន ស៊ាប អាយុ៣១ឆ្នាំជាប្រធានរដ្ឋបាល នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ម៉ូតូម៉ាកស្កូបពីផ្លាកលេខភ្នំពេញ1KE-0249 -ទូរសព្ទ១គ្រឿង។គួរបញ្ជាក់ថា ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដោយជនរងគ្រោះឈ្មោះ ប៉ែន ស៊ាបកំពុងនៅក្នុងក្លិបបាល់ទះ ទ្រីស្ពតក្លិប ស្ថិតនៅភូមិ សង្កាត់ខាងលើ។ ពេលនោះស្រាប់តែមានជនសង្ស័យជាង១០នាក់ជិះម៉ូតូ៦គ្រឿង។

ក្រុមនេះប្រដាប់ដោយដាវកែច្នៃ-កាំបិតប៉័ងតោ និងដុំថ្មចូលមកបង្កការអុកឡុក និងប្រើហិង្សាទៅលើអ្នកមកលេងក្នុងក្លិបបណ្តាលឱ្យរងរបួស។ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។បន្ទាប់មកជនរងគ្រោះក៏បានទូរសព្ទ ប្រាប់នគរបាលប៉ុស្តិ៍ព្រៃសឱ្យជួយអន្តរាគមន៍ ។

សមត្ថកិច្ចក៏ចុះឆែកមើលកាមេរ៉ាសុវត្ថិភាព ហើយបានកំណត់អត្តសញ្ញាណ ក្រុមជនសង្ស័យនិងផ្លាកលេខម៉ូតូ។ រហូតថ្ងៃទី៣០ខែវិច្ឆិកា សមត្ថកិច្ចជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់។ បន្ទាប់ពីមានចម្លើយសារភាព សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យជាសាធារណៈ មុនបញ្ជូនទៅតុលាការ។រីឯបក្ខពួកដែលកំពុងរត់គេចសមត្ថកិច្ចបន្តស្វែងរកតទៅទៀត៕