សន្ដិសុខសង្គម

គ្រួសារនាំគ្នាទ្រហោយំក្រោយពីរកឃើញសពក្មេងប្រុសដែលបាត់ខ្លួនដោយសារជិះកង់រអិលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ

ដោយ៖វិចិត្រ

ភ្នំពេញ៖ក្មេងតូចពីរនាក់បងប្អូនជិះកង់ដើរលេង ហើយបានរអិលដួលធ្លាក់ពីលើកង់ចូលក្នុងប្រឡាយទឹកស្អុយបាត់ខ្លួនម្នាក់នោះ ពេលនេះត្រូវបានរកឃើញសពហើយ។ ហេតុការណ៍បង្កភ្ញាក់ផ្អើលនៅម្តុំប្រឡាយទឹកស្អុយអូរវែង ខាងត្បូងវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីរសៀលថ្ងៃទី១ ខែធ្នូ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្មេងដែលស្លាប់ឈ្មោះ សុខ វិច្ឆិកា ហៅប៊ី អាយុ៦ឆ្នាំ ឪពុកឈ្មោះ ទុយសុវណ្ណរ៉ា អាយុ៣២ឆ្នាំនៅជិតសាលាបឋមសិក្សាពញាក្រែក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ មុនកើតហេតុក្មេងរងគ្រោះបានជិះកង់ជាមួយបងប្រុសឈ្មោះសុខ វិហ្សា អាយុ១១ឆ្នាំជាសិស្សថ្នាក់ទី៤។

ពេលជិះកង់ដល់មុខបុរីសម្បត្តិមាស មានរថយន្តមកពីមុខក្មេងប្រុស បានចាប់ហ្វ្រាំងបង្អង់ល្បឿន។តែអកុសលកង់ក៏បានរអិលធ្លាក់ចូល ក្នុងប្រឡាយទឹកអូរវែងទាំង២នាក់បងប្អូន។ ភ្លាមៗនោះបងប្រុសក៏បានស្រវ៉ាតោង ឡើងគោករួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ដោយឡែកប្អូនប្រុសក៏លិចហូរតាមទឹកបាត់តែម្តង។

បន្ទាប់ពីមានហេតុការណ៍ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍។រីឯឪពុកម្តាយក្មេងប្រុស បានមកដល់កន្លែងកើតហេតុក៏មានការសោកសង្រេង ដង្ហោយរកកូនយ៉ាងអណោចអធ័មបំផុត។

រហូតមកដល់ម៉ោង៨យប់ថ្ងៃដដែលត្រូវបានកងរុករក និងសង្គ្រោះនៃអង្គភាព៧១១ កងពលតូចលេខ៧០ បានរកឃើញសពក្មេងតូចនោះ។ក្រោយមកសពត្រូវបានប្រគល់ឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យ៕