សន្ដិសុខសង្គម

ក្រុមគ្រួសារកំពុងរង់ចាំដំណឹងពីក្មេងប្រុសអាយុ៦ឆ្នាំដែលបាត់ខ្លួនក្នុងប្រឡាយទឹកអូរវែងយ៉ាងអន្ទះសា

ដោយ៖សុខុម
ភ្នំពេញ៖ មកដល់ព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២៣ឪពុកម្ដាយនិងសមត្ថកិច្ចមិនទាន់រកឃើញក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលប្រឡាយទឹកអូរវែងកាលពីរសៀលថ្ងៃទី១ខែធ្នូឆ្នាំ ២០២៣ នៅឡើយ។ហេតុការណ៍នេះបានកើតឡើងនៅចំណុច ប្រឡាយ អូរវែងខាងត្បូង វត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាក្មេងបាត់ខ្លួន ឈ្មោះ សុខ វិឆ្ឆិកា ហៅប៊ីអាយុ ៦ឆ្នាំមានឪពុក ឈ្មោះ ទុយ សុវណ្ណរ៉ា អាយុ៣២ឆ្នាំ រស់នៅម្តុំសាលាបឋមសិក្សាពញ្ញាក្រែក សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុបានបន្តឲ្យដឹងថាក្មេងរងគ្រោះដែលបាត់ខ្លួនបានជិះកង់ដោយបងប្រុសឈ្មោះសុខ វិហ្សា អាយុ១១ឆ្នាំជាសិស្សថ្នាក់ទី៤ជាអ្នកឌុបហើយដើរលេងជាមួយ មិត្តភ័ក្រម្នាក់ទៀត។នៅពេលធ្វើដំណើរពីត្បូងទៅជើង មកដល់កន្លែងកើតហេតុមុខ បុរី សម្បត្តិមាស មានរថយន្ត មួយគ្រឿងធ្វើដំណើរតាមផ្លូវនោះ។ក្មេងប្រុសជិះកង់ឌុបគ្នាបានចាប់ហ្វ្រាំង បង្អង់ល្បឿន តែ អកុសលរអិល កង់ ធ្លាក់ចូលទៅក្នុងប្រឡាយអូរវែង។


ពេលនោះកង់បានធ្លាក់ចូលមាត់ប្រឡាយ ចំណែក ក្មេង២នាក់បងប្អូន បានធ្លាក់ចូលទៅក្នុងប្រឡាយ ដែលមានទឹកហូរនិងព្រៃស្មៅ ។ ភ្លាមៗ ក្មេង ប្រុសមានអាយុច្រើនជាងបានស្រវា តោង ស្មៅឡើងលើគោក។ក៏ប៉ុន្តែប្អូនប្រុសធ្លាក់ចូលក្នុងទឹកប្រឡាយ លិចបាត់។ចំណែក មិត្តភ័ក្រម្នាក់បានជិះកង់ផ្សេងទៅជាមួយគេចខ្លួនបាត់៕

ក្មេងប្រុសដែលកំពុងតែបាត់ខ្លួននៅក្នុងប្រឡាយទឹក