អន្តរជាតិ

កូរ៉េខាងជើងចេញមុខព្រមានថាការជ្រៀតជ្រែកក្នុងវង់ប្រតិបត្តិការផ្កាយរណបរបស់ខ្លួននឹងចាត់ទុកថាជាការប្រកាសសង្គ្រាម

ប្រែសម្រួល៖សហការី

នៅថ្ងៃសៅរ៍ ទី០២ ខែធ្នូនេះកូរ៉េខាងជើងបានព្រមានចំៗថាការជ្រៀតជ្រែកណាមួយលើវង់ប្រតិបត្តិការផ្កាយរណបរបស់ខ្លួនគឺជាការវាយប្រហារមកលើទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ប្រទេសកូរ៉េខាងជើងដែលនឹងត្រូវចាត់ទុកថាជាការប្រកាសសង្រ្គាមដោយផ្ទាល់ជាមួយនឹងប្រទេសកូរ៉េខាងជើង។

ប្រទេសកូរ៉េខាងជើងនឹងប្រើប្រាស់កម្លាំងដើម្បីប្រឆាំងនឹងកម្លាំងជ្រៀតជ្រែកដែលរារាំងវង់ប្រតិបត្តិការផ្កាយរណបរបស់ខ្លួនពីសំណាក់ខាងក្រៅ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិរបស់កូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាងមកផ្សព្វផ្សាយដោយបន្ថែមថាកូរ៉េខាងជើងនឹងឆ្លើយតបទៅនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកនៅលើលំហអវកាសដែលព្យាយាមរារាំងលទ្ធភាពប្រតិបត្តិការផ្កាយរណបរបស់ខ្លួនមិនឲ្យទទួលបានជោគជ័យ។

“ក្នុងករណីដែលអាមេរិកព្យាយាមរំលោភលើទឹកដីស្របច្បាប់នៃរដ្ឋអធិបតេយ្យមួយដោយប្រើប្រាស់

បច្ចេកវិទ្យាចុងក្រោយជាមុខអាវុធប្រឆាំងនឹងកិច្ចដំណើការផ្កាយរណបរបស់ខ្លួននោះគឺជាសកម្មភាពខុសច្បាប់និងអយុត្តិធម៌បំផុត។ ប្រទេសកូរ៉េខាងជើងនឹងពិចារណាលើការឆ្លើយតបដែលជាវិធានការការពារខ្លួនដោយបំផ្លាញនូវសមត្ថភាពភាពផ្កាយរណបចារកម្មរបស់អាមេរិកទុកជាការសងសឹក”សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិរបស់កូរ៉េខាងជើងបាននិយាយយ៉ាងដូច្នេះ។

ឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងបង្អស់បានដោយជោគជ័យកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ដោយបញ្ជូនរូបភាពនៃទីតាំងយោធានៅលើដីរបស់សហរដ្ឋអាមេរិក ជប៉ុន និងនៅលើទឹកដីរបស់អាមេរិកគឺកោះ Guam ។

គ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបចារកម្ម Malligyong-1 ត្រូវបានរៀបចំដើម្បីបាញ់បង្ហោះ ដូចដែលរដ្ឋាភិបាលកូរ៉េខាងជើងអះអាងថា នៅក្នុងទីតាំងដែលត្រូវបានផ្តល់ឱ្យជាខេត្ត North Gyeongsang ប្រទេសកូរ៉េខាងជើង។ (រូបថត៖ KCNA តាមរយៈ Reuters)

អ្នកនាំពាក្យរបស់ទីបញ្ជាការអវកាសអាមេរិកបានចោទជាសំណួរថាតើក្រុងវ៉ាស៊ីនតោនអាចមានសមត្ថភាពក្នុងការរំខានដល់វង់ប្រតិបត្តិការស៊ើបការណ៍ផ្កាយរណបរបស់កូរ៉េខាងជើងបានដោយរបៀបណាដែរទៅគាត់បានបាននិយាយថាសហរដ្ឋអាមេរិកអាចរារាំងសមត្ថភាពអវកាសរបស់សត្រូវក្នុងការប៉ុនប៉ងឈ្លបយកការណ៏លើទឹកដីអាមេរិកដោយប្រើមធ្យោបាយផ្សេងៗ នេះបើយោងតាមការផ្សាយរបស់វិទ្យុRFAអាមេរិក ។

កាលពីថ្ងៃព្រហស្បតិ៍សហរដ្ឋអាមេរិកបានបន្ថែមទណ្ឌកម្មសម្រាប់កូរ៉េខាងជើងចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្ម។

ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្របានបញ្ចូលជនជាតិកូរ៉េខាងជើងចំនួន ១១ នាក់ក្នុងបញ្ជីខ្មៅពីបទចូលរួមក្នុងការអភិវឌ្ឍផ្កាយរណប និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងដោយហាមឃាត់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ៕

ប្រភព៖ Reuters