ព័ត៌មានជាតិ

អ្នកនេសាទចាប់បានត្រីគល់រាំង១ក្បាលទម្ងន់ជិត១០គីឡូក្រាមពីក្នុងបឹងទន្លេសាប

ដោយ:សុខុម
កំពង់ឆ្នាំង៖លោក ឆេង ឃា រស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេសាទបានត្រីគល់រាំង១ក្បាលទម្ងន់៨,៥០គីឡូក្រាម និងប្រវែង០,៦ម៉ែត្រពីក្នុងបឹងទន្លេសាបកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។


ក្រោយពីនេសាទបានអ្នកជំនាញជលផលកាលពីថ្ងៃទី២៩ខែវិច្ឆិកាបានចុះទៅពិនិត្យមើលហើយចាត់ទុកថាត្រីគល់រាំងមួយក្បាលនោះគឺជាប្រភេទត្រីជិតផុតពូជដែលតម្រូវឲ្យមានការអភិរក្សឡើងវិញ។


ក្រោយមករដ្ឋបាលជលផលនិងអ្នកនេសាទក៏បានព្រមព្រៀងគ្នាលែងត្រីដែលចាប់បានចូលក្នុងទឹកបឹងធម្មជាតិវិញដើម្បីឱ្យវារស់រានមានជីវិតនិងបន្តពូជកើតបានជាកូនកាន់តែច្រើន។
ជាមួយនោះផងដែររដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏បានផ្ដល់ប័ណ្ណសរសើរទៅដល់អ្នកនេសាទបានត្រីឈ្មោះឆេងឃាហើយចាត់ទុកថាជាពលរដ្ឋគំរូល្អម្នាក់នេសាទបានត្រីជិតផុតពូជហើយចូលរួមអភិរក្សលេងត្រីទៅក្នុងបឹងទន្លេសាបវិញ ៕