អន្តរជាតិ

លោក ស្រី Tsai ប្រធានាធិបតីតៃវ៉ាន់ បានចោទប្រកាន់ចិនថាមានមហិច្ឆតាលើសលប់ក្នុងការប៉ុនប៉ងឈ្លានពានតៃវ៉ាន់

ប្រែសម្រួល៖សហការី

មេដឹកនាំចិនមានមហិច្ឆតាដ៏ “លើសលប់” ក្នុងការប៉ុនប៉ងឈ្លានពានតៃវ៉ាន់បើទោះបីជាខ្លួនកំពុងមានបញ្ហាផ្ទៃក្នុងដ៏ចម្រូងចម្រាស់ក៏ដោយ នេះជាសម្តីរបស់លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ដែលបានធ្វើការគូសបញ្ជាក់យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន New York Times ។

ប្រទេសចិន ដែលតែងតែចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ បានបង្កើនការដាក់សម្ពាធខាងផ្នែកយោធាប្រឆាំងនឹងកោះមួយនេះ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះនាំឲ្យមានការព្រួយបារម្ភថាជម្លោះនេះនឹងបង្កឲ្យមានផលប៉ះពាល់ជាសកល។

ប៉ុន្តែលោកស្រី Tsai នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន New York Times DealBook Summit បាននិយាយថាការិយាល័យរបស់លោកស្រីបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍​ទី ៣០ ខែវិច្ឆិកាថាប្រទេសចិនបង្កបញ្ហាច្រើនពេកហើយនៅក្នុងពេលនេះ។

លោកស្រីបានសង្កត់ធ្ងន់ថា “មែនហើយ ខ្ញុំគិតថាការដឹកនាំរបស់ចិនបានមកដល់ចំណុចប្រសព្វនេះហើយ គឺពោរពេញទៅដោយបញ្ហាប្រឈមផ្ទៃក្នុងរបស់ពួកគេ។ បើតាមគំនិតរបស់ខ្ញុំគឺថា ប្រហែលជាមិនមែនជាពេលវេលាសម្រាប់ពួកគេដើម្បីគិតលើរឿងបើកការឈ្លានពានដ៏ធំមកលើកោះតៃវ៉ាន់នោះទេ”។

“មានបញ្ហាប្រឈមជាច្រើនដែលភាគច្រើនសំដៅទៅលើសេដ្ឋកិច្ចនិងរឿងបែកបាក់ផ្ទៃក្នុង និងការជាប់គាំងលើវិស័យហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាប្រឈមខាងនយោបាយផងដែ ប៉ុន្តែសហគមន៍អន្តរជាតិក៏បាននិយាយយ៉ាងច្បាស់ថា សង្រ្គាមមិនមែនជាជម្រើសទេ ហើយសន្តិភាព និងស្ថិរភាពក្នុងគោលបំណងបម្រើផលប្រយោជន៍របស់មនុស្សគ្រប់រូបដូចៗគ្នា”។

នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោកស្រី Tsai ក្រសួងការពារជាតិចិនបាននិយាយថា “នៅទីបំផុត ប្រទេសចិននឹងអាចបង្រួបបង្រួមគ្នាឡើងវិញបានជាក់ជាមិនខាន”។

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំខែនៅទីក្រុងប៉េកាំងថា “កងទ័ពរំដោះប្រជាជននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនឲ្យបានរឹងមាំបំផុត” ។

លោកស្រី Tsai និងរដ្ឋាភិបាលរបស់គាត់បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការពិភាក្សាជាមួយប្រទេសចិន ប៉ុន្តែត្រូវបានចិនបដិសេធ ដោយសារតែចិនចាត់ទុកលោកស្រី Tsai និងគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច (DPP) ជាក្រុមផ្តាច់ខ្លួន។

លោក ស្រី Tsai និយាយ​ថា​មាន​តែ​ប្រជាជន​តៃវ៉ាន់​ទេ​ដែល​មានសិទ្ធិសម្រេច​អនាគត​របស់​ពួកគេបាន។

តៃវ៉ាន់កំពុងស្ថិតក្នុងពាក់កណ្តាលយុទ្ធនាការសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែមករា។ លោក Lai Ching-te មកពីបក្ស DPP ដែលបច្ចុប្បន្នជាអនុប្រធានាធិបតី គឺជាអ្នកនាំមុខគេក្នុងការជ្រើសតាំងធ្វើជាប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់ នេះបើយោងតាមការស្ទង់មតិមតិ។

លោក ស្រី Tsai បាននិយាយថា វាមិនមែនជារឿងសម្ងាត់ទេ ដែលចិនកំពុងព្យាយាមជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតរបស់តៃវ៉ាន់។

ប៉ុន្តែខ្ញុំមានការជឿជាក់ថាពួកគេប្រហែលជាមិនអាចទទួលបានជោគជ័យនោះទេជាពិសេសការព្យាយាមដើម្បីជះឥទ្ធិពលមកលើការបោះឆ្នោត។ ពីព្រោះតៃវ៉ាន់គឺជាប្រទេសលទ្ធិប្រជាធិបតេយ្យ ហើយប្រជាជនដឹងថាពួកគេបានសម្រេចចិត្តដ៏ល្អបំផុតថាតើអ្នកណានឹងក្លាយជាអ្នកដឹកនាំបន្ទាប់។

ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនកាលពីថ្ងៃពុធបានបង្កើនការវាយប្រហារដោយេពាក្យសម្តីរបស់ខ្លួនមកលើលោកស្រី Lai និងមិត្តរួមការងាររបស់គាត់ Hsiao Bi-khim ដែលជាអតីតបេសកជនតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក។

លោក Chen Binhua អ្នកនាំពាក្យរបស់រដ្ឋាភិបាលចិន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា “ឯករាជ្យរបស់តៃវ៉ាន់មានន័យថាសង្គ្រាម។ គណបក្ស DPP បានជំរុញឲ្យមានឯករាជ្យភាពដែលប្រឈមនិងគ្រោះថ្នាក់ទ្វេដងដែលនឹងបំផ្លាញផលប្រយោជន៍ និងសុខុមាលភាពរបស់ជនរួមជាតិដែលរស់នៅលើកោះនេះ” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិកាលពីថ្ងៃព្រហស្បតិ៍ អ្នកបង្កើតគោលនយោបាយកំពូលរបស់​តៃវ៉ាន់​លោក Chiu Tai-san បានច្រានចោលការរិះគន់របស់ប្រទេសចិន។

លោក Chiu ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​កិច្ចការ​ដីគោក​តៃវ៉ាន់​បាន​និយាយ​ថា​៖ “ និយាយ​ដោយ​ស្មោះ​ត្រង់​​គឺ​ពួកគេ​មិន​ដឹង​ថា​អ្វី​ជា​នយោបាយ​ប្រជាធិបតេយ្យ​និង​ការ​បោះឆ្នោត​នោះ​ទេ៕

ប្រភព៖ Reuters