សន្ដិសុខសង្គម

ម្ចាស់ឱសថស្ថានពន្លឺសុខភាពខេត្តរតនគិរីរងការចោទប្រកាន់ថាបានព្យាបាលអ្នកជំងឺម្នាក់បណ្តាលឲ្យស្លាប់

ដោយ:សុខុម
រតនគិរី:ម្ចាស់គ្លីនិកឯកជនមួយឈ្មោះឱសថស្ថានពន្លឺសុខភាពស្ថិតនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរនគិរីកំពុងរងការវាយប្រហារចោទប្រកាន់ពីក្រុងគ្រួសារអ្នកជំងឺម្នាក់ថាបានដាក់ថ្នាំព្យាបាលបណ្ដាលឲ្យប្រតិកម្មរហូតបាត់បង់ជីវិត។


ក្រោយមានហេតុការណ៍កើតឡើងកាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០២៣មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តរតនគិរីនិងសមត្ថកិច្ចពាក់ព័ន្ធកំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតដែលដែលបណ្ដាលឲ្យអ្នកជំងឺស្លាប់ក្នុង គ្លីនិកឯកជនខាងលើ។
ស្រ្តីឈ្មោះឈួន ស្រីរ័ត្នត្រូវជាប្រពន្ធបានឲ្យដឹងថាកាលពីថ្ងៃទី២៩ខែវិច្ឆិកាប្ដីគាត់ឈ្មោះប្រាក់ សុភាពអាយុ៣៩ឆ្នាំមុខរបរកម្មករចៀរជ័រកៅស៊ូមានទីលំនៅភូមិ២កាចាញសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរីបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយដួលម៉ូតូពេលកំពុងដឹកជ័រកៅស៊ូយកមកផ្ទះ គឺបោកត្រូវចំដើមទ្រូងគាត់ក៍នាំប្ដីទៅព្យាបាលនៅកន្លែងឱសថស្ថានពន្លឺសុខភាព។


ប្រពន្ធបាននិយាយបន្ដថាពេលចូលទៅដល់គ្លីនិកនោះក្រុមគ្រូពេទ្យគេបានមកទទួលប្តីគាត់ទៅព្យាបាល ដោយដាក់សេរ៉ូមបញ្ចូលថ្នាំជាច្រើនមុខបន្ដបន្ទាប់អស់ចំនួន៤ទៅ៥ប្លោក ប៉ុន្ដែរយ:ពេលជាង៧ម៉ោងហើយស្ថានភាពអ្នកជំងឺហាក់មិនបានធូរស្រាលសោះ។ នៅពេលនោះសាច់ញាតិបានសុំគ្រូពេទ្យយកអ្នកជំងឺចេញទៅពេទ្យខេត្តតែប្រធានគ្រប់គ្រង់នៅទីនោះមិនព្រមឲ្យយកអ្នកជំងឺចេញទេ ហើយថែមទាំងប្រាប់ថាគេចេះព្យាបាលហើយ។


បន្ទាប់មកក្រុមគ្រួសារក៏សម្រេចនៅបន្តព្យាបាលក្នុងពេទ្យពន្លឺសុខភាពទៀត។លុះដល់ព្រលប់ថ្ងៃដដែលនោះអ្នកជំងឺមានអាការៈមិនស្រួលកាន់តែខ្លាំងប្រកាច់ទាំងដៃជាប់សេរ៉ូមហើយក៍ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្ដង។ក្រោយពីអ្នកជំងឺបាត់បង់ជីវិតទើបម្ចាស់គ្លីនិកអនុញ្ញាតឲ្យក្រុមគ្រួសារយកសពចេញទៅផ្ទះបាន។


ក្រោយពីមានការប្រតិកម្មខ្លាំងពីក្រុមគ្រួសារនៃសពនៅរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣មន្ត្រីប៉ូលីសការិយាយល័យបច្ចេកទេសនិងវិទ្យាសាស្ត្ត្រនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យធ្វើកោសលវិច័យដើម្បីបន្ដនិតិវិធីច្បាប់។
ចំណែក លោកលុយ ទី ដែលជាប្រធានគ្រប់គ្រងសម្ភពឈ្មោះឱសថស្ថានពន្លឺសុខភាពបានប្រាប់មន្ត្រីប៉ូលីសក្រុងបានលុងដោយខ្លីថាពាក់ព័ន្ធអ្នកជំងឺដែលស្លាប់នោះលោកទុកឲ្យមេធាវីជាអ្នកចាត់ចែងធ្វើការតាមផ្លូវច្បាប់។

ជុំវិញរឿងចោទប្រកាន់ ឱសថស្ថានពន្លឺសុខភាពខេត្តរតនគិរី ថាបានព្យាបាលអ្នកជំងឺម្នាក់បណ្តាលឲ្យស្លាប់នោះ មកដល់ពេលនេះអ្នកយកព័ត៌មានCambodia Flash News នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីម្ចាស់ ឱសថស្ថានពន្លឺសុខភាពខេត្តរតនគិរីដែលរងការចោទប្រកាន់នោះនៅឡើយទេ៕