សន្ដិសុខសង្គម

នាំខ្លួនជនសង្ស័យ៨នាក់ទៅតុលាការ ពីបទលួចនេសាទខុសច្បាប់ ក្នុងតំបន់ហាមឃាត់

ដោយ៖វិចិត្រ
ស្ទឹងត្រែង៖កម្លាំងអាវុធហត្ថខេត្ត ជាមួយមន្ត្រីឆ្មាំទន្លេនិងផ្នែកជលផល កាលពីថ្ងៃទី២៧-២៨ ខែវិច្ឆកា បានសហការចាប់ជនសង្ស័យចំនួន៨នាក់។ការចាប់ខ្លួននេះដោយពួកគេបានលួចនេសាទខុសច្បាប់ ក្នុងតំបន់ទំនប់វារីអគ្គិសនីសេសាន២ គឺជាកន្លែងហាមឃាត់ ហើយត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី៣០ ខែវិច្ឆិកា។

លោក ដេត ចំណាន នាយខណ្ឌរដ្ឋបាលផលលផលស្តីទី ស្ទឹងត្រែងបានឱ្យដឹងថា សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់។ក្នុងនោះមានអនីតិជនម្នាក់ត្រូវបានដោះលែង ដែលពួកគេលួចនេសាទខុសច្បាប់ ក្នុងអន្លង់អភិរក្សត្រីមេពូជក្នុងអាងទំនប់ វ៉ារីអគ្គិសនីសេសានក្រោម២ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នាយខណ្ឌរដ្ឋបាលផលលផលស្តីទីបានបន្តថា តំបន់ហាមឃាត់ខាងលើ រដ្ឋបាលជលផលនិងអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល មិនឱ្យចូលធ្វើសកម្មភាពល្មើសទេ។ តែក្រុមទាំងនេះបានឃុបឃិតគ្នា លួចចូលទៅនេសាទដោយខុសច្បាប់ទាំងបំពាន។

ពេលឃាត់ខ្លួនក្រុមការងារបង្រ្កាប បានដកហូតវត្ថុតាងមានទូកឈើ៣គ្រឿង-ទូកស្មាច់១គ្រឿង-ម៉ាស៊ីន២៥សេះ២គ្រឿង-២០សេះ២គ្រឿង-សន្ទូចរនង៣.០០០ផ្លែ-មងបណ្តែត២.៥០០ម៉ែត្រស្មើ២៧ត្បូង និងត្រីចម្រុះប្រមាណ៤០គីឡូក្រាម៕