សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៧នាក់ទៅតុលាការ ករណីចាប់ចងមនុស្សទម្លាក់ក្នុងប្រឡាយ

ដោយ៖វិចិត្រ
ព្រះសីហនុ៖ករណីចាប់បង្ខាំង និងចងដៃជនរងគ្រោះជនជាតិចិន រួចយកទៅទម្លាក់ចោលក្នុងប្រឡាយ ម្តុំផ្លូវម្លប់តាប៉ាង ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅ ត្រូវសមត្ថកិច្ចចាប់បានជនសង្ស័យ៧នាក់។

លោកឧត្តមសេនីយ៍ឯក សរ រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន ឱ្យដឹងកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកាថា កម្លាំងនគរបាលខេត្តបាន ស្រាវជ្រាវចាប់ក្រុមជនសង្ស័យប្រុសស្រីចំនួន៧នាក់។ក្នុងនោះមានចិន២នាក់ និងខ្មែរ៥នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងចងដៃជនរងគ្រោះយកទម្លាក់ចូលក្នុងប្រឡាយ។

លោកស្នងការបានបន្តថា ជនសង្ស័យទាំង៧នាក់មានចិន២នាក់ ឈ្មោះ LU DONG DONG និងឈ្មោះ SUN ZHONGHUA ។រីឯខ្មែរ៥នាក់ឈ្មោះ ប៉ិកតុលា-នៅ ឡាយ- ចត់ ហិង្សា-សុខ មិច-និងឈ្មោះ ខន ដាលីន ភេទស្រី។ពួកគេមានអាយុពី២៣ដល់៣៧ឆ្នាំ ស្នាក់នៅក្រុង/ខេត្តព្រះសីហនុ។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង-អាវុធខ្លី៣ដើម-គ្រាប់កាំភ្លើងចម្រុះចំនួន៨៩គ្រាប់-ខ្នោះដៃ២គូ-រថយន្ត៣គ្រឿង និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។បន្ទាប់មកសមត្ថកិច្ចបានយកសាកសួរ ហើយកសាងសំណុំរឿងនឹងបញ្ជូនទៅតុលាការ។ចំពោះបក្ខពួកជនសង្ស័យកំពុងរត់គេចខ្លួន ផ្នែកជំនាញបានបន្តការ ស្រាវជ្រាវស្វែងរកចាប់បន្ថែមទៀត៕