អន្តរជាតិ

តៃវ៉ាន់រាយការណ៍អំពីសកម្មភាពសមយុទ្ធយោធាចិនបន្ថែមទៀតខណៈការបោះឆ្នោតប្រធានាធិបតីកាន់តែខិតជិតមកដល់

ប្រែសម្រួល៖ សហការី

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកានេះរដ្ឋបាលកោះតៃវ៉ាន់បានរាយការណ៍ជាថ្មីម្តងទៀតថាមានយន្តហោះចម្បាំង និងកងនាវាចម្បាំងចិនធ្វើការហ៊ុមព័ទ្ធជុំវិញកោះតែវ៉ាន់ហើយយន្តហោះចម្បាំងចិនបានហោះឆ្លងកាត់ខ្សែបន្ទាត់កំណត់អត្តសញ្ញាណដែលជាតំបន់រសើបនៃដែនអាកាសតៃវ៉ាន់និងនៅលើច្រកសមុទ្រតៃវ៉ាន់ ខណៈដែលក្រុងប៉េកាំងកាន់តែបង្កើនសកម្មភាពយោធារបស់ខ្លួនកាន់តែខ្លាំងឡើងគួរឲ្យព្រួយបារម្ភបំផុតនៅមុនការបោះឆ្នោតរបស់តៃវ៉ាន់ក្នុងខែមករា។

កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធប្រជាធិបតេយ្យ ដែលចិនតែងអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរអំពីសកម្មភាពយោធាចិនអស់រយៈពេលបួនឆ្នាំចុងក្រោយនេះដែលរដ្ឋបាលកោះតៃវ៉ាន់ចាត់ទុកថាជាការប៉ុនប៉ងចូលរាតត្បាតក្រោមរូបភាពសមយុទ្ធយោធាដោយប្រើកងនាវាចម្បាំងធ្វើការហ៊ុមព័ទ្ធជុំវិញកោះនេះ។

តៃវ៉ាន់ស្ថិតនៅក្នុងដំណាក់កាលរៀបចំ​​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​នៅ​ថ្ងៃ​ទី ១៣ មករា ឆ្នាំក្រោយហើយ​យុទ្ធនាការ​នេះបាន​ឈាន​ដល់​កម្រឹត​ខ្ពស់បំផុតក៏ប៉ុន្តែស្ថានការកំពុងតែវំជើបរំជួលច្របូកច្របល់ដោយសារ​​ជម្លោះរវាងចិន​និងកោះតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់បានថ្លែងថា ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍យោធាតៃវ៉ាន់បានរកឃើញយន្តហោះចម្បាំងចិនប្រភេទ J-១០ និង J-១៦ រួមជាមួយនឹងឧទ្ធម្ភាគចក្រដឹកតាមនាវាផ្ទុកយន្តហោះកំពុងធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ និងទៅភាគនិរតីនៃកោះនេះផងដែ។

ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា យន្តហោះចម្បាំងចិនចំនួន ១១ គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កំណត់អត្តសញ្ញាណនៃដែនអាកាសតៃវ៉ាន់និងនៅលើច្រកសមុទ្រតៃវ៉ាន់និងតំបន់ដែលនៅជិតនោះ ដោយសហប្រតិបត្តិការជាមួយនឹងកងនាវាចម្បាំងចិន ដើម្បីធ្វើសមយុទ្ធយោធា “ក្នុងលក្ខណ:ត្រៀមប្រយុទ្ធរួមគ្នា” ។

ខ្សែបន្ទាត់កំណត់អត្តសញ្ញាណនៃដែនអាកាសតៃវ៉ាន់និងច្រកសមុទ្រតៃវ៉ាន់ធ្លាប់ជារបាំងបែងចែកខណ្ឌសីមាក្រៅផ្លូវការរបស់ភាគីទាំងពីរដែលឥឡូវនេះយន្តហោះចម្បាំងចិនតែងតែហោះហើររំលោភលើខណ្ឌសីមានេះ។

នៅក្នុងខែនេះ តៃវ៉ាន់បានរាយការណ៍ថាយ៉ាងហោចណាស់មានសមយុទ្ធយោធាចំនួនបីប្រភេទផ្សេងទៀតដែលមានលក្ខណៈជាទ្រង់ទ្រាយធំស្រដៀងៗគ្នាតែក្រុងប៉េកាំងមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ទាំងនេះនោះទេ។

រដ្ឋាភិបាលចិនបានអះអាងថាសមយុទ្ធយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ គឺធ្វើឡើងក្នុងគោលដៅទប់ស្កាត់អំពើ “ឃុបឃិតគ្នា” រវាងក្រុមផ្តាច់ខ្លួនកោះតៃវ៉ាន់ និងកងទ័ពអាមេរិកហើយបានគូសបញ្ជាក់ថាសមយុទ្ធយោធារបស់ខ្លួនគឺធ្វើឡើងដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសចិន។

រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ដែលបានទទូចសុំធ្វើការការចរចាម្តងហើយម្តងទៀតជាមួយរដ្ឋាភិបាលចិនតែត្រូវបានចិនច្រានចោលចំពោះការទាមទារអធិបតេយ្យភាពរបស់កោះតៃវ៉ាន់។

លោក Lai Ching-te មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ដែលក្រុងប៉េកាំងបានចោទថាជាអ្នកផ្តាច់ខ្លួន គឺជាអ្នកមានសម្លេងគាំទ្រនាំមុខគេក្នុងការជ្រើសតាំងជាប្រធានាធិបតីបន្ទាប់របស់កោះតៃវ៉ាន់  នេះបើយោងតាមការស្ទង់មតិមតិជាសាធារណ:។

គណបក្សប្រឆាំងដ៏លេចធ្លោរបស់តៃវ៉ាន់ គឺគណបក្ស Kuomintang ដែលជាប្រពៃណីតែងតែគាំទ្រឲ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង ហើយបានសន្យាថានឹងបើកការសន្ទនាឡើងវិញជាមួយរដ្ឋាភិបាលចិន ប្រសិនបើខ្លួនឈ្នះការបោះឆ្នោត៕

ប្រភព៖ Reuters