អន្តរជាតិ

គូស្នេហ៍ជនជាតិចិនប្តឹងក្រុមហ៊ុនធានារ៉ាប់រងពីបទខកខានទូទាត់សំណង១,៤០០ដុល្លារ

ប្រែសម្រួល៖សហការី

លោក Liu បានរៀបការនៅក្នុងប្រទេសចិនគាត់បានប្តឹងក្រុមហ៊ុនធានារ៉ាប់រងពីបទខកខានមិនអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុន “ធានារ៉ាប់រងសម្រាប់ចំណងអាពាហ៍ពិពាហ៍” ដែលគាត់បានបង់ប្រាក់សម្រាប់អាពាហ៍ពិពាហ៍អស់ចំនួន ៩,៩៩៥ យន់ ស្មើនឹង១,៤០០ ដុល្លារអាមេរិកធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន។

បុរសម្នាក់ឈ្មោះLiu Xiaoming មកពីខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន បានទិញបណ្ណធានារ៉ាប់រងសម្រាប់ចំណងអាពាហ៍ពិពាហ៍កាលពីខែមីនា ឆ្នាំ ២០១៨ ដើម្បីផ្គាប់ចិត្តមិត្តស្រីរបស់គាត់។

អនាគតគូស្វាមីភរិយាមួយគូនេះបានជួបគ្នាដំបូងកាលនៅរៀនក្នុងវិទ្យាល័យ ហើយបានទំនាក់ទំនងស្នេហារវាងពួកគេទាំងពីរហើយក៏បានចាប់ផ្តើមបង្កើតភាពស្និទ្ធស្នាលកាន់តែផ្អែមល្ហែមឡើងនៅពេលដែលពួកគេទាំងពីរនាក់បានចូលរៀននៅសកលវិទ្យាល័យ។

បើយោងតាមគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រងបានកំណត់ថា ប្រសិនបើគូស្នេហ៍រៀបការចាប់ពី ៣ ទៅ ១០ ឆ្នាំបន្ទាប់ពីបានទិញបណ្ណធានារ៉ាប់រង ជាពិសេសនៅចន្លោះខែមីនា ឆ្នាំ ២០២១ដល់ខែមីនា ឆ្នាំ ២០២៨ ពួកគេនឹងត្រូវទទួលបានអត្ថប្រយោជន៏ជាទឹកប្រាក់ចំនួន ៩,៩៩៥ យន់។

តែបន្ទាប់ពីគូស្នេហ៍ទាំងពីរបានភ្ជាប់ពាក្យរួចមកនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ហើយបានបញ្ជូនឯកសារស្នើសុំការទូទាត់ប្រាក់ដែលជាអត្ថប្រយោជន៏ស្របតាមគោលការណ៍របស់ក្រុមហ៊ុននោះ ក្រុមហ៊ុនធានារ៉ាប់រងបានបដិសេធមិនព្រមធ្វើការទូទាត់ជូនគាត់នោះទេទោះបីជាមានពាក្យបណ្តឹងតវ៉ាជាច្រើនលើកក៏ដោយ។

លោក Liu បានប្រាប់សារព័ត៌មាន Jimu News ថាអ្នកប្រើប្រាស់ជាច្រើនបានទិញ “បណ្ណធានារ៉ាប់រងសម្រាប់ចំណងអាពាហ៍ពិពាហ៍” ហើយការផ្សព្វផ្សាយដោយផ្ទាល់ចេញពីក្រុមហ៊ុនបានប្រកាសថាមនុស្សជាង ១៥,០០០ នាក់បានទិញបណ្ណធានារាប់រងសម្រាប់គោលនយោបាយនេះ។

បើយោងតាមគណនី Weibo ដែលប្រើជាផ្លូវការរបស់ក្រុមហ៊ុននៅពេលនោះ បង្ហាញថាការធានារ៉ាប់រងសម្រាប់ចំណងអាពាហ៍ពិពាហ៍ក្នុង ៣ កម្រិតគឺអាចទទួលបាននូវបុព្វលាភចាប់ពី ៩៩ ទៅ ២៩៧ យន់ និងរហូតដល់ ៤៩៥ យន់។

ក្នុងកម្រិត ៩៩ យន់ អតិថិជនត្រូវបង់ប្រាក់ចំនួន ១,៩៩៩ យន់ ប៉ុន្តែ Liu បានជ្រើសរើសសម្រាប់កម្រិត ៤៩៥ យន់ ដែលជាកម្រិតខ្ពស់បំផុតជាមួយនឹងការទូទាត់ប្រាក់ដល់ទៅ ៩,៩៩៥ យន់។

ដោយមានការខកចិត្តចំពោះការបដិសេធរបស់ក្រុមហ៊ុនធានារ៉ាប់រងក្នុងការទូទាត់ប្រាក់គោលនយោបាយរបស់ខ្លួននោះលោក Liu ក៏បានបញ្ជូនសំណុំរឿងរបស់គាត់ទៅតុលាការ ដើម្បីទាមទារសំណងធានារ៉ាប់រង រួមជាមួយនឹងប្រាក់ពិន័យក្នុងការខកខានធ្វើការទូទាត់។

គាត់បានចាញ់ក្នុងការកាត់ក្តីនៅសាលាដំបូង ដោយសារតែតុលាការសាលាដំបូងបានយល់ស្របជាមួយនឹងមេធាវីការពារក្តីឲ្យក្រុមហ៊ុនថា ចំណងស្នេហាគឺជាទំនាក់ទំនងផ្លូវចិត្តដែលមិនស្ថិតក្នុងវិសាលភាពនៃប្បញ្ញត្តិធានារ៉ាប់រងនោះទេ ហើយកិច្ចសន្យាធានារ៉ាប់រងគឺមិនត្រឹមត្រូវតាមគោលការណ៏នោះទេ។

ដោយ​មានការមិន​ពេញ​ចិត្ត​ចំពោះ​ការ​វិនិច្ឆ័យរបស់សាលា​ដំបូងលោក Liu បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ហិរញ្ញវត្ថុ​ក្នុងទីក្រុង​ប៉េកាំង​ទាមទារឲ្យមាន​ការ​​ជម្រះក្តីជា​លើក​ទី​ពីរ។

តុលាការហិរញ្ញវត្ថុបានវាយតម្លៃលើករណីនេះទៅតាមទស្សនៈថ្មីមួយ ដោយបញ្ជាក់ថា ការធានារ៉ាប់រងមិនទាក់ទងនឹង “ទំនាក់ទំនងស្នេហា” ទេ ប៉ុន្តែជាផលប្រយោជន៍ហិរញ្ញវត្ថុដែលអាចកើតឡើងពីការរៀបចំអាពាហ៍ពិពាហ៍ ដែលត្រូវបានចាត់ទុកថាស្របច្បាប់ហើយស្ថិតនៅក្រោមច្បាប់។

លើសពីនេះ គោលការណ៍ជាមូលដ្ឋាននៃអាណត្តិធានារ៉ាប់រងក្រោមគោលការណ៏ដែលគ្របដណ្តប់ដោយកិច្ចសន្យាធានារ៉ាប់រងមានភាពមិនច្បាស់លាស់ហើយជាកាតព្វកិច្ចរបស់ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវ។

នៅទីបំផុត តុលាការ​បានសម្រេច​តម្កល់​បណ្តឹង​ឧទ្ធរណ៍​របស់លោក Liu ហើយ​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បង់ប្រាក់​ជូនគាត់​ចំនួន ៩,៩៩៥ យន់។

អារម្មណ៍របស់សាធារណជនបានជម្រុញឲ្យមានការរិះគន់ក្រុមហ៊ុនធានារ៉ាប់រងបើសង្កេតនៅលើអនឡាញឃើញមានការរិះគន់មកលើក្រុមហ៊ុនធានារ៉ាប់រងជាច្រើនដែលត្រូវបានគេបង្ហោះចែករំលែកជាបទពិសោធនៅលើបណ្តាញសង្គមចិន។

អ្នកខ្លះនិយាយថា “ខ្ញុំ​បាន​ជួប​ប្រទះរឿង​វិវាទ​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​ក្រុមហ៊ុន​នេះដោយបញ្ជាក់ថាក្រុមហ៊ុន​មិនបាន​បង់​ប្រាក់​ធានា​រ៉ាប់រង​សម្រាប់ថ្លៃព្យាបាលមហារីក​ទេ ហើយអ្នកខ្លះផ្តល់ជាយោបល់ថា “អ្នកត្រូវតែ​​ប្តឹង​ក្រុមហ៊ុន​ដើម្បី​ទាមទារ​សំណង” ។

អ្នកខ្លះសួរថា “តើគាត់គួរតែប្តឹងក្រុមហ៊ុនធានារ៉ាប់រងពីបទរកស៊ីកេងបន្លំដែឬទេ?” អ្នកបន្ទាប់បាន​​និយាយ​ថា​” វា​ពិត​ជា​អាក្រក់​ណាស់!” ៕