សន្ដិសុខសង្គម

សមត្ថកិច្ចមិនទាន់រកឃើញតៃកុងរថយន្តធំចតមិនដាក់ភ្លើងសញ្ញាបង្កឲ្យមេប៉ុស្តិ៍ម្នាក់ជិះម៉ូតូបុកស្លាប់

ដោយ៖ សុខុម

បាត់ដំបង៖ មកដល់ពេលនេះសមត្ថកិច្ចនៅពុំទាន់រកឃើញអ្នកបើកបររថយន្តធំដែលចតក្បែរចិញ្ចើមផ្លូវមិនដាក់ភ្លើងសញ្ញាសំគាល់បង្កឲ្យមេប៉ុស្តិ៍នគរបាលកំពង់ព្រៀង ស្រុកសង្កែ ជិះម៉ូតូបុកស្លាប់កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងត្រង់កំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុមទី៧ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថាមេប៉ុស្តិ៍ឈ្មោះស សាម៉ុន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិបឹងវេង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

មុនពេលកើតហេតុជនរងគ្រោះបានបើកបរម៉ូតូហ្សុយសុគីស្មាស់ ព៌ណខ្មៅ ពាក់ស្លាកលេខ នប ១.៩៧៧៥ ក្នុងទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចគ្រោះថ្នាក់បុករថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ខៀវ ពាក់ផ្លាកលេខ បាត់ដំបង ៣A.៣៤៤២ ឈប់ចតនៅស្ងៀមអែបចិញ្ចើមផ្លូវខាងស្តាំ។

ក្រោយហេតុការណ៍ភ្លាមសមត្ថកិច្ចជំនាញចុះពិនិត្យដល់កន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តហ៊ីយ៉ាន់ដាយដឹកស្រូវខាងលើឈប់លើដងផ្លូវដោយមិនមានសញ្ញាផ្ដល់ដំណឹង ទើបបណ្តាលឲ្យជនមេប៉ុស្តិ៍ជិះម៉ូតូស្របទិសគ្នាបុកពីក្រោយពេញទំហឹងបាត់បង់ជីវិតនៅកន្លែងកើតហេតុ។ចំណែកភាគីរថយន្តបានគេចខ្លួនមិនទទួលខុសត្រូវ។វត្ថុតាងម៉ូតូនិងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាបន្តទៀត៕