សន្ដិសុខសង្គម

សមត្ថកិច្ចបញ្ជាក់ពីមូលហេតុដែលនាំឲ្យតារាចម្រៀង ពេជ្រ រដ្ឋាស្លាប់

ដោយ៖សុខុម

ពោធិ៍សាត់៖សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជុំវិញករណីដែលតារាចម្រៀង ពេជ្រ រដ្ឋា បានស្លាប់គឺដោយសារតែគាត់ជិះម៉ូតូដួលដោយខ្លួនឯងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងទឹកដីភូមិព្រែកទី៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុដល់អាយុជីវិតនោះ តារាចម្រៀង លោកពេជ្រ រដ្ឋាបានទៅចូលរួមច្រៀងនៅក្នុងពិធីមង្គលការកូនគេមួយ ដែលគេបានអញ្ជើញរូបគាត់ឲ្យទៅចូលរួម។ នៅពេលច្រៀងចប់រូបលោកក៏បានវិលត្រឡប់មកផ្ទះវិញដោយធ្វើដំណើរតាមម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិ៍សាត់ 1I-0443ទាំងកណ្តាលយប់អធ្រាត្រ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលលោករដ្ឋាធ្វើដំណើរដោយម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥៥មកដល់ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧-២៨ម៉ូតូរបស់លោកក៏បានដូលម្នាក់ឯងបណ្តាលឲ្យបោកក្បាលទៅលើផ្លូវជាតិរងរបួសជាទម្ងន់។

ក្រោយមកក្រុមគ្រួសារក៏បានបញ្ជូនរូបគាត់ទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ដើម្បីជួយសង្គ្រោះជីវិត។​ ប៉ុន្តែទំនងជាដោយសារគ្រោះថ្នាក់នៃការដួលម៉ូតូបោកក្បាលទៅលើផ្លូវជាតិនោះវាមានសភាពធ្ងន់ធ្ងរខ្លាំងពេកគាត់ក៏បានស្លាប់តែម្តងទៅ។

សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងរបស់ខ្លួនថា ករណីគ្រោះថ្នាក់ចរាចរដែលបានសម្លាប់ជីវិតតារាចម្រៀងរូបនោះអាចបណ្តាលមកពីមូលហេតុប្រើប្រាស់ល្បឿនលឿន និងមានបញ្ហាបន្ទាប់បន្សំមួយចំនួនទៀតដូចជាពេលយប់ងងឹតជាដើម។ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ។

សូមបញ្ជាក់ផងដែរថា បើយោងតាមនគរបាលស្រុកភ្នំក្រវាញ ដែលកំពុងស្ថិតនៅក្នុងការស្រាវជ្រាវបានឲ្យដឹងថា លោក ពេជ្រ រដ្ឋា អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចម្រៀងមានទីលំនៅ ភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមិននៅឆ្ងាយពីកន្លែងកើតហេតុនោះប៉ុន្មានឡើយ៕