សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យជាឃាតកសម្លាប់ប្តីនិងប្រពន្ធដោយចោទថាចេះអាបធ្មប់ទៅតុលាការ

ដោយ៖សុខុម
ព្រះវិហារ៖សមត្ថកិច្ចនគរបាលខេត្តព្រះវិហារបានឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការកាលពីថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ២០២៣ក្រោយពីប្រើកាំភ្លើងច្នៃបាញ់សម្លាប់ប្ដីប្រពន្ធគ្រួសារមួយនៅក្នុងព្រៃដោយចោទថាចេះមន្តអាគមអាបធ្មប់។


សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានករណីឃាតកម្មគិតទុកជាមុន ចំនួន ០១លើក នៅចំណុចបុស្សល្ហុង ចំការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។ជនបង្កឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ(ត្រូវជាក្មួយជនរងគ្រោះ) បានប្រើប្រាស់អាវុធកែច្នៃ(កាប៊ីន) ចំនួន ០២ដើម បាញ់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។


ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុគំនុំចោទថាចេះអាបធ្មប់។ករណីខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួន និងដកហូតបានអាវុធកែច្នៃ(កាប៊ីន)ចំនួន ០២ដើម។
ជនសង្ស័យត្រូវសមត្ថកិច្ចចោទប្រកាន់ចំនួន២បទល្មើសទី១បទឃាតកម្មគិតទុកជាមុនទី២ប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់បញ្ជូនសំណុំរឿងរឿងទៅតុលាការ៕