សេដ្ឋកិច្ច

ត្រីប៉ាស៊ីអ៊ីគឺនៅតែមានតម្លៃខ្ពស់ដោយក្នុងមួយគីឡូក្រាមជាង៤០ម៉ឺនរៀល

ដោយ៖សុខុម

ស្ទឹងត្រែង៖ ប្រភេទត្រីប៉ាស៊ីអ៊ីដែលអ្នកផងទាំងពួងបានចាត់ទុកថា វាជាត្រីធម្មជាតិមានឱជារសឆ្ងាញ់លើសពីពពួកត្រីផ្សេងៗនោះ គឺដល់រដូវអ្នកនេសាទចាប់បានបណ្តើរៗហើយ តែតម្លៃរបស់វាគឺនៅតែថ្លៃដោយក្នុងមួយគីឡូក្រាមដល់ទៅជាង៤០ម៉ឺនរៀលឯណោះ។

អ្នករកស៊ីលក់ត្រីទន្លេក្នុងខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា ចាប់តាំងពីពាក់កណ្ដាលខែវិច្ឆិកាមកហើយអាកាសធាតុក៏ត្រជាក់ខ្យល់បក់ពីជើងទៅត្បូង។តាមលក្ខណៈសម្គាល់ពីធម្មជាតិគេប្រទះឃើញអ្នកនេសាទចាប់ផ្ដើមដាក់មងបានត្រីប៉ាស៊ីអ៊ុជាបណ្ដើរៗហើយ។ក៏ប៉ុន្តែតម្លៃវិញនោះគឺនៅតែថ្លៃខ្ពស់កប់ពពកដោយត្រូវបានគេបែងចែកទៅតាមតូចនិងធំ។

អ្នកលក់ត្រីបានឲ្យដឹងទៀតថាត្រីប៉ាស៊ីអ៊ុដែលចាត់ទុកថាប្រភេទលេខ១នោះគឺមានទម្ងន់ចាប់ពី១គីឡូក្រាមឡើងទៅតម្លៃស្មើនឹងជាង៤០ម៉ឺនរៀល។ត្រីមានទម្ងន់ក្រោមមួយគីឡូក្រាម៣០ម៉ឺនរៀល។ តម្លៃត្រីប៉ាស៊ីអ៊ីនៅរដូវទឹកសម្រកនេះហាក់ខ្ពស់ជាងរដូវដើមឆ្នាំទឹកឡើង។

គេកត់សម្គាល់ឃើញថាអ្នកមានជីវភាពធូរធារទើបអាចភ្លក់រសជាតិត្រីប៉ាស៊ីអ៊ីបាន។រាល់ថ្ងៃនេះត្រីប៉ាស៊ីអ៊ីធំៗមានមិនច្រើនទេយូរៗឃើញធំម្តង។អ្នកដែលប្រមូលទិញភាគច្រើនគឺជាអ្នកបើកភោជនីយដ្ឋានធំៗនៅក្នុងខេត្តឬភ្ញៀវទេសចរមកពីភ្នំពេញជាដើម។អ្នកខ្លះក៏បានប្រមូលទិញពីខេត្តស្ទឹងត្រែងនាំចេញទៅក្រៅប្រទេសដូចជាអូស្ត្រាលី និងសហរដ្ឋអាមេរិក។

ចំពោះត្រីប៉ាស៊ីអ៊ីណាដែលមានទម្ងន់ចាប់ពីមួយគីឡូក្រាមត្រូវបានគេដាក់ឲ្យជាប់ជាប្រភេទលេខមួយមានតម្លៃថ្លៃ។ពេលយើងយកទៅធ្វើម្ហូបទទួលទានពិតជាឆ្ងាញ់អស្ចារ្យគឺខុសពីត្រីប៉ាស៊ីអ៊ីដែលនៅតូចៗទម្ងន់ក្រោមមួយគីឡូក្រាម៕