សន្ដិសុខសង្គម

តារាចម្រៀងល្បីឈ្មោះបោះសំឡេងលោក ពេជ្រ រដ្ឋាបានស្លាប់ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរ

ដោយសុខុម
ពោធិ៍សាត់៖ ព័ត៌មានដែលទើបនឹងទទួលបានដំបូងៗបានឲ្យដឹងថា លោកពេជ្រ រដ្ឋាដែលគេបានស្គាល់ថា ជាអ្នកចម្រៀងវ័យក្មេង មានទឹកដមសំឡេងពីរោះរណ្តំលេចធ្លោម្នាក់ដែលមានឈាមជ័រជាអ្នករស់នៅខេត្តពោធិ៍សាត់ ហើយលោកតែងតែនិយមចូលចិត្តច្រៀងបទបែបភ្លេងការនោះបានជួបគ្រោះថ្នាក់ចរាចរបណ្តាលឲ្យស្លាប់ទៅហើយកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជុំវិញឧបទ្ទវហេតុដែលបណ្តាលឲ្យតារាចម្រៀង ពេជ្រ រដ្ឋាបានលាចាក់លោកនោះ នៅព្រឹកព្រលឹមថ្ងៃទី២៩ វិច្ឆិកា ២០២៣នេះ គឺនៅមិនទាន់មានការបញ្ជាក់លម្អិតជាផ្លូវការណាមួយពីស្ថាប័នមានសមត្ថកិច្ចអំពីមូលហេតុពិតប្រាកដនៅឡើយទេ។ យើងនឹងរាយការណ៍សម្អិតពីព័ត៌មានពិស្តារជុំវិញរឿ់ងគ្រោះថ្នាក់ចរាចរនេះនៅពេលក្រោយ។

សូមបញ្ជាក់ថា អ្នកចម្រៀង​ វ័យក្មេងពេជ្រ រដ្ឋា គឺជាតារាចម្រៀងមួយដួងហាក់ដូចជាមានកិត្តិយសខ្ពង់ខ្ពស់ខ្លាំងណាស់ នៅពេលរូបលោកនៅមានជីវិត គឺដោយសារតែសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែនអតីតនាយករដ្ឋមន្រ្តីកម្ពុជាតែងតែអាណិអាសូរ ស្រឡាញ់ ពេញចិត្តពេញថ្លើមនូវទឹកដមសំនៀងដ៏ពីរោះក្រអួនក្រអៅរបស់គាត់ដែលមានពីធម្មជាតិ។
ប៉ុន្តែអ្វីៗត្រូវបាត់បង់ទៅតែមួយប៉ប្រិចភ្នែកដោយសារកម្មកាចចង្រៃបានមកឆក់យកជីវិតរបស់គាត់ឲ្យឃ្លាតឆ្ងាយពីយើងគ្រប់គ្នាដោយគ្មានថ្ងៃដែលបានឃើញរូបគាត់ម្តងទៀត។
យើងទាំងអស់គ្នាសូមចូលរួមសោកស្តាយស្រណោះ អាឡោះអាល័យក្រៃពេកនិងចូលរូមរំលែកនូវទុក្ខដ៏ក្រៀមក្រំចំពោះការស្លាប់របស់ លោក​ ពេជ្រ រដ្ឋា ជាតារាចម្រៀងដ៏ពេញនិយម។ សូមវិញ្ញាណក្ខន្ធបគាត់​បានទៅកាន់សុគតិភពកុំបីឃ្លៀ់ងឃ្លាតឡើយ ៕