សន្ដិសុខសង្គម

នាំខ្លួនមន្ត្រីយោធាម្នាក់ទៅតុលាការ ករណីវាយសន្តិសុខឱ្យរយះក្បាលហូរឈាម

ដោយ៖វិចិត្រ
ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ករណីប្រើពិលវាយសន្តិសុខ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន និងបានកសាងសំណុំរឿងនាំខ្លួនទៅតុលាការ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។

មន្ត្រីនគរបាលខណ្ឌបានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពាក់ព័ន្ឋករណីយកពិលវាយបុរសសន្តិសុខម្នាក់ បណ្តាលឱ្យរយះក្បាលហូរឈាមពេញខ្លួន។ជាមួយនោះជនបង្កបានទាមទារឱ្យ ជនរងគ្រោះសងថ្លៃពិលរបស់គេថែមទៀត។

ប្រភពដដែលបានបន្តថា មន្ត្រីយោធារូបនោះឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំជាសន្តិសុខ យាមប្រចាំការនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធានាគារ ABA ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១។

មុនកើតហេតុមានរថយន្តម៉ាកតូយូតាធុនរ៉ា ផ្លាកលេខភ្នំពេញ2BF-1127 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ក៏បុករបងហើយឈប់រថយន្តប្រុងដើរចេញ។ភា្លមនោះបុរសសន្តិសុខបានសួរនាំត្រូវមន្ត្រីយោធាស្លៀកពាក់ស៊ីវិល វាយក្បាលសន្តិសុខមួយពិលឱ្យរយះហូរឈាមតែម្តង។

បន្ទាប់មកសមត្ថកិច្ចបានចុះអន្តរាគមន៍ ត្រូវមន្ត្រីយោធារូបនោះស្រែកជេរប្រមាទ និងគំរាមបាញ់ទៀតផង។ប៉ុន្តែទោះយ៉ាងណាជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជួនបន្តតាមនីតិវិធី៕