អន្តរជាតិ

ថៃលើកទឹកចិត្តឲ្យក្លិប បារាំច្រៀង បើកឲ្យបានយូរជាងមុន ដើម្បីទាក់ទាញភ្ញៀវទេសចរ

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអង្គារទី ២៨ ខែវិច្ឆិកាអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបានប្រកាសអំពីគោលនយោបាយរបស់គណៈរដ្ឋមន្ត្រីថៃអនុញ្ញាតឲ្យបន្ថែមម៉ោងសម្រាប់ក្លិបរាត្រី បារាំច្រៀង និងកន្លែងកម្សាន្តនានាក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានកាន់តែច្រើនថែមទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក Traisulee Traisaranakul បាននិយាយថា កន្លែងកម្សាន្ត ក្លិបរាត្រី បារាំច្រៀងនិងខារ៉ាអូខេក្នុងទីក្រុងបាងកក ភូកេត ប៉ាតាយ៉ា ឈៀងម៉ៃ និងសាមុយ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមត្រូវបានអនុញ្ញាតឲ្យបើករហូតដល់ម៉ោង ៤ ទៀបភ្លឺ។លោកស្រី ស្រេតថា ថាវីស៊ីន នាយក​រដ្ឋមន្ត្រី​ថៃ ធ្លាប់​បាន​ថ្លែង​ថា ច្បាប់​ថ្មី​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ។

ឧស្សាហកម្មទេសចរណ៍គឺជាខឿនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃដែលកំណើនសេដ្ឋកិច្ចនៅមានដំណើរការយឺតនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់។ រដ្ឋាភិបាលរបស់លោកស្រី ស្រេតថាមានមហិច្ឆតាក្នុងការជម្រុញឲ្យសេដ្ឋកិច្ចរស់ឡើងវិញ។

ការអនុញ្ញាតឲ្យកន្លែងកម្សាន្តគ្រប់ប្រភេទបើកឲ្យបានយូរគឺជាគន្លឺះស្រូបទាញអ្នកទេសចរបរទេសឲ្យបានកាន់តែច្រើនថែមទៀតនៅក្រោយពេលដែលមានការលើកលែងតម្រូវការទិដ្ឋាកាសម្រាប់ភ្ញៀវទេសចរចិន ដែលជាប្រភពសំខាន់នៃអ្នកទេសចរបរទេសក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។

រហូតមកទល់នឹងពេលនេះប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៤.៥ លាននាក់នៅក្នុងឆ្នាំនេះ ហើយកំពុងព្យាករណ៍ថានឹងកើនដល់ ២៨ លាននាក់សម្រាប់រយៈពេលពេញមួយឆ្នាំ។

នៅមុនពេលមានជំងឺរាតត្បាត ប្រទេសថៃបានជាប់កំណត់ត្រារហូតដល់ទៅ ៣៩.៩ លាននាក់ដែលក្នុងនោះមាន ១១ លាននាក់ជាភ្ញៀវទេសចរចិន។ នៅឆ្នាំនេះ រដ្ឋាភិបាលរំពឹងថានឹងមានភ្ញៀវមកពីប្រទេសចិនត្រឹមតែ ៣.៥ លាននាក់តែប៉ុណ្ណោះ៕

ប្រភព៖ Reuters