សន្ដិសុខសង្គម

រថយន្តក្រុមឆៃយុំាមកបុណ្យកឋិនធ្លាក់ពីលើភ្នំគូលែនស្លាប់៦នាក់និង១៦នាក់ទៀតរងរបួស

ដោយ:សុខុម
សៀមរាប៖ សោកនាដកម្មដ៏រន្ធត់កើតឡើងទៅលើរថយន្តដឹកមនុស្សជាង២០នាក់មកបុណ្យកឋិនបានធ្លាក់ពីលើភ្នំគូលែនបណ្ដាលឲ្យ៦នាក់ស្លាប់និង១៦នាក់រងរបួសកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣។


លោក យឹប យ៉ុងឈាង អធិការស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា ៖ រថយន្តដែលគ្រោះថ្នាក់នោះគឺជាក្រុមឆៃយ៉ាំ មកបុណ្យកឋិន នៅវត្តលើភ្នំគូលែន។ពេលធ្វើដំណើរតាមផ្លូវស្រាប់តែរថយន្ត បានធ្លាក់ចេញពីផ្លូវ ដែលមានចំណោតខ្លាំង ទើបបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។


លោកអធិការបានបន្តថា ៖ អ្នកស្លាប់នៅនឹងកន្លែងចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជា១០នាក់។
លោកប្រាប់ថា ៖ ក្រោយពីមានហេតុការណ៍កើតឡើងភ្លាមសមត្ថកិច្ចបានចុះជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះដឹកជញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ។ភ្លាមនោះគេមិនទាន់ដឹងអំពីមូលហេតុគ្រោះថ្នាក់កើតឡើងនៅឡើយ៕