សន្ដិសុខសង្គម

ភ្លើងឆេះបំផ្លាញផ្ទះចំនួន៣ខ្នង និងទ្រព្យសម្បតិ្តអស់គ្មានសល់

ដោយ៖វិចិត្រ

បាត់ដំបង៖ភ្លើងបានឆេះផ្ទះចំនួន៣ខ្នង ជាមួយទ្រព្យសម្បតិ្តអស់គ្មានសល់។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅក្រុមទី១០ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា ផ្ទះដែលរងការខូចខាតចំនួន៣ខ្នងនោះ ម្ចាស់ឈ្មោះ រីចន្ធី ភេទស្រី អាយុ៥៥ឆ្នាំ។ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើលើថ្មក្រោម ដំបូងស័ង្កសី សម្ភារប្រើប្រាស់ និងម៉ូតូ១គ្រឿង ត្រូវភ្លើងឆេះគ្មានសល់។ ឈ្មោះ សម សុស្ថាបនា ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើលើ ថ្មក្រោម ដំបូងស័ង្កសី និងសម្ភារប្រើប្រាស់ឆេះអស់គ្មានសល់។ឈ្មោះ ម៉ី ម៉ៃ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើ ដំបូលស័ង្កសី ផ្ទះនេះឆេះមួយផ្នែក។

ពេលកើតហេតុសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥-៦គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងមិនឱ្យភ្លើងឆេះរាលដាបន្តទៀត។ ក្រោយមកសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា មូលហេតុបង្កឱ្យឆេះផ្ទះនេះអាចមកពីឆ្លងចរន្តអគ្គិសនី៕