សន្ដិសុខសង្គម

ជិះម៉ូតូវ៉ាជែងប៉ះជាមួយរថយន្តដឹកដីបណ្តាលឱ្យស្លាប់ម្នាក់នៅស្រុកជើងព្រៃ

ដោយ ៖គង់ហេង

កំពង់ចាម៖ ម៉ូតូមួយគ្រឿង បានបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បានទៅបុកប៉ះជាមួយរថយន្តបែនដឹកដី ក្នុងទិសដៅបញ្រ្ជាសគ្នា បណ្តាលឱ្យបុរសជាអ្នកបើកបរម្នាក់ ស្លាប់នៅនឹងកន្លែង លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩១-៩២ ស្ថិតក្នុងភូមិ ឃុំសំពងជ័យ ស្រុកជើងព្រៃ ព្រឹកថ្ងៃទី ២៧ វិច្ឆិកានេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះអាយុ ១៩ ឆ្នាំដែលបានស្លាប់ឈ្មោះ ខាន ជាលី រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានបើកបរម៉ូតូម៉ាកហុងដា ទ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1W-9517 ។ ចំណែកខាងរថយន្តម៉ាកSCANIA ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3F-7132 ដែលអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញា។

ប្រភពព័ត៌មាននោះបានបន្តថា ករណីគ្រោះថ្នាក់ម៉ូតូបុកប៉ះជាមួយរថយន្តនេះ គឺក្នុងទិសដៅផ្ទុកគ្នាពីជើងទៅត្បូង មូលហេតុម៉ូតូបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូ ម្នាក់ ខូចម៉ូតូមួយគ្រឿងក្នុងកម្រិតធ្ងន់ និងខូចរថយន្តមួយគ្រឿង ក្នុងកម្រិតស្រាល៕