សន្ដិសុខសង្គម

មានអ្នកទទួលសំណូករាប់សិបលានរៀលជាថ្នូរនឹងការបើកដៃឲ្យប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់

ដោយ៖ រតនា

ត្បូងឃ្មុំ៖ព័ត៌មានពីអ្នកនេសាទមួយចំនួនបានលួចប្រាប់ឲ្យដឹងថា ថ្មីៗនេះមានអ្នកដើរប្រមូលលុយដោយខុសច្បាប់រាប់សិបលានរៀលជាថ្នូរនឹងការអនុញ្ញាតឲ្យគេប្រើប្រាស់ឧបករណ៏ដាយប្រមាណជិត១០០មាត់ដោយសេរីនៅក្នុងព្រែកចំនួន៣នៅស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីប្រព្រឹត្តអំពើពុករលួយនេះគឺកើតឡើងដោយមន្រ្តីជំនាញមួយចំនួនបានឃុបឃិតជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន។ កាលពីថ្ងៃទី២៣ វិច្ឆិកា ២០២៣ពួកគេ បានដើរប្រមូលលុយបានប្រមាណជាង៣០លានរៀល ដើម្បីអនុញ្ញាតឲ្យឈ្មួញធំៗប្រើឧបករណ៍ដាយ ដើម្បីដាក់យកត្រីគ្រប់ប្រភេទនៅតាមដងព្រែកធំៗសម្រាប់ចាប់យកត្រីគ្រប់ប្រភេទដែលចេញពីបឹងនានាចូលទៅក្នុងទន្លេតាមធម្មជាតិវិញ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំពោះព្រែកធំៗដែលជាផ្លូវទឹកសម្រាប់ហូរចូលទន្លេនាំត្រីគ្រប់ប្រភេទចេញពីបឹងនានានោះគឺមានដូចជាព្រែកពាមជីលាំងលាតសន្ធឹងក្នុងទឹកដីស្រុកក្រូចឆ្មារផងនិងស្រុកត្បូងឃ្មុំផង។

រថយន្តចូលទៅដឹកត្រីល្អិតៗយកទៅលក់ឲ្យអ្នកចិញ្ចឹមត្រី ធ្វើជានុយ

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមទៀតថា ព្រែកពាមជីលាំងគឺជាច្រកសម្រាប់ឲ្យត្រីគ្រប់ប្រភេទធ្វើចរាចរណ៍ចេញពីបឹងតូចធំនៅដើមរដូវប្រាំងចូលទន្លេមេគង្គដើម្បីឡើងទៅត្រៀមបង្កកំណើតនៅរដូវវស្សាឆ្នាំក្រោយ។ ប៉ុន្តែឥឡូវនេះមន្រ្តីពាក់ព័ន្ធបានដើរប្រមូលលុយហើយបើកដៃឲ្យគេប្រើឧបករណ៍ដាយដែលច្បាប់បានហាមឃាត់ដាច់ខាតនោះដាក់នៅតាមដងព្រែកជាច្រើនស្កាត់ចាប់បំផ្លាញត្រីទាំងតូចទាំងធំក្នុងមួយថ្ងៃៗរាប់សិបតោនដឹកតាមរថយន្តតូចធំនាំយកទៅលក់។

រថយន្តចូលទៅដឹកត្រីល្អិតៗយកទៅលក់ឲ្យអ្នកចិញ្ចឹមត្រី ធ្វើជានុយ

ប្រភពព័ត៌មានក៏បានឲ្យដឹងដែរថា បទល្មើសនេសាទដ៏ធំដែលបានកើតឡើងដូចបានរៀបរាប់ខាងលើនេះបើសិនជាមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវច្បាស់លាស់នោះ គឺវាគ្មានអ្វីត្រូវលាក់បាំងបាននោះទេ។ ធ្វើដូចនេះដើម្បីវែករកមុខឲ្យឃើញចំពោះមន្រ្តីខិលខូចមួយចំនួនដែលយកតួនាទីស្របច្បាប់ ស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋបែរ ជាទៅឈរធ្វើជាខ្នងបង្អែកនិងអ្នកដែលប្រព្រឹត្តបទល្មើសនេសាទជាក់ស្តែងដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕