សន្ដិសុខសង្គម

តខ្សែភ្លើងរួចរាយទៅវាលស្រែឆក់ត្រី ប៉ះតំណឆ្លងចរន្តឆក់ស្លាប់ខ្លួនឯងភ្លាម

ដោយ៖វិចិត្រ

ភ្នំពេញ៖បុរសម្នាក់បានត ខ្សែភ្លើងហើយរាយទៅវាលស្រែដើម្បីឆក់ត្រី តែអកុសក៏បះចំតំណ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់មួយរំពេច អ្នកភូមិមិនអាចជួយសង្គ្រោះទាន់។ហេតុការណ៍នេះបានកើតឡើងនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ សួន វិច្ឆិកា អាយុ៣១ឆ្នាំស្នាក់នៅភូមិឃុំខាងលើ។មុនកើតហេតុជនរងគ្រោះបានតខ្សែភ្លើងរួចរាយទៅវាលស្រែក្បែរផ្ទះដើម្បីឆក់ត្រី។ពេលកំពុងរាយខ្សែភ្លើងស្រាប់តែប៉ះចំខ្សែមានតំណបណ្តាលឱ្យឆ្លងចរន្តភ្លើងក៏ឆក់ស្លាប់តែម្តង។

ភ្លាមនោះអ្នកភូមិឃើញក៏នាំគ្នារត់ទៅជួយ ដោយដកខ្សែភ្លើងដើម្បីសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕