សេដ្ឋកិច្ច

អន្សមឆ្ងាញ់ត្រូវបានទទួលស្គាល់ជាផលិតផលមួយក្នុងចំណោមផលិតផល៤ទៀតរបស់ខេត្តស្ទឹងត្រែង

ដោយ៖ សុខុម

ស្ទឹងត្រែង៖ នំអន្សមឆ្ងាញ់ស្ទឹងត្រែងនិងផលិតផលសំខាន់ៗចំនួន៤មុខទៀតត្រូវបានគណៈកម្មការថ្នាក់ជាតិ សម្រេចជ្រើសរើសយកដើម្បីចលនាទៅជាភូមិមួយផលិតផលមួយរបស់ខេត្តស្ទឹងត្រែងនៅឆ្នាំ២០២៤។

លោក ប៉ែន ជិនយុទ្ធា នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថា ផលិតផលសំខាន់ៗដែលគណៈកម្មការជាតិបានកំណត់យកនិងទទួលស្គាល់ជាផ្លូវការនោះគឺរួមមានទី១-ក្រូចឆ្មារនៅស្រុកបុរីអូរស្វាយសែនជ័យ ទី២-ស្វាយចន្ទីស្ទឹងត្រែង ទី៣-ណែមសាច់ត្រីស្ពានថ្ម ទី៤-នំអន្សមឆ្ងាញ់ស្ទឹងត្រែង និងទី៥- រមណីយដ្ឋានបក្សីមេគង្គ សង្កាត់សាមគ្គី និងរមណីយដ្ឋានស្ទឹងត្រែងរីសតសង្កាត់សាមគ្គី។

លោក ប៉ែន ជិនយុទ្ធា បានឲ្យដឹងថា កន្លងមកខេត្តស្ទឹងត្រែងបានជ្រើសរើសផលិតផលដែលមានកេរ្តិ៍ឈ្មោះនិងសក្តានុពលសេដ្ឋកិច្ចសំខាន់ៗប្រមាណ៥០មុខ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ។ ប៉ុន្តែជាលទ្ធផលចុងក្រោយ គណៈកម្មការជាតិបានកំណត់យកនិងចុះបញ្ជីជាផ្លូវការទៅលើផលិតផលត្រឹមតែ៥មុខប៉ុណ្ណោះសម្រាប់ខេត្តស្ទឹងត្រែងក្នុងឆ្នាំ២០២៤។

មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ការកំណត់យកផលិតផលសរុបទាំងអស់ចំនួន៥មុខសម្រាប់ខេត្តស្ទឹងត្រែងឆ្នាំ២០២៤នេះ គឺវាមានសារសំខាន់ខ្លាំងណាស់ដើម្បីចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាពិសេសគឺសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន។

ដ្បិតអីផលិតផលទាំងអស់នោះគឺសុទ្ធសឹងតែជាស្នាដៃផលិតឡើងរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ពិតៗ និងរមណីយដ្ឋានល្អប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិរបស់ខេត្តស្ទឹងត្រែងដែលស្ថិតនៅតាមដងទន្លេប្រកបទៅទេសភាពធម្មជាតិស្រស់ត្រកាលនិងមានផាសុកភាព៕