អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើងពិនិត្យរូបភាពផ្កាយរណបចារកម្ម “តំបន់គោលដៅ”គឺមូលដ្ឋានទ័ពអាមេរិក

ប្រែសម្រួល៖សហការី

លោក គីម ជុងអ៊ុនដែលជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើងបានត្រួតពិនិត្យរូបភាពដែលថតដោយផ្កាយរណបចារកម្មយោធារបស់ខ្លួននៅក្នុងពេលថ្មីៗនេះសម្រាប់ “ទីតាំងដែលជាគោលដៅយោធាសំខាន់ៗ”។

កាលពីថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា បណ្តាញផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថារូបភាពផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើងបានចាប់យករូបភាពនៃរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង និងទីក្រុងនានាដែលមានមូលមូលដ្ឋានទ័ពអាមេរិក។

ប្រទេសកូរ៉េខាងជើងដែលកំពុងផលិតអាវុធនុយក្លេអ៊ែរបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់ខ្លួនកាលពីថ្ងៃអង្គារ ប៉ុន្តែបើយោងតាមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងអ្នកវិភាគលើសមត្ថភាពរបស់ផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើងមិនត្រូវបានគេផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។

លោក គីម បានពិនិត្យរូបភាពរបស់ក្រុងសេអ៊ូល និងក្រុងផ្សេងៗទៀតដូចជា Mokpo, Kunsan, Pyeongtaek និង Osan ដែលជាទីតាំងកងទ័ពអាមេរិក និងកូរ៉េខាងត្បូង។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បាននិយាយថា រូបភាពទាំងនេះត្រូវបានចាប់យកនៅពេលដែលផ្កាយរណបហោះឆ្លងកាត់ឧបទ្វីបកូរ៉េកាលពីព្រឹកថ្ងៃសុក្រកន្លងទៅថ្មីៗ។

លោក គីម បានពិនិត្យមើលរូបភាពទាំងនោះរួមទាំងរូបភាពនៃតំបន់មួយចំនួននៅក្នុងប្រទេសកូរ៉េខាងជើងនៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចកាលពីថ្ងៃសុក្រទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអវកាសជាតិហៅថា NATA ក្នុងទីក្រុងព្យុងយ៉ាង។

កាលពីថ្ងៃសៅរ៍ លោក គឹម បានទៅទស្សនាមជ្ឈមណ្ឌលត្រួតពិនិត្យម្តងទៀត ដើម្បីពិនិត្យមើលរូបភាពជាច្រើនថែមទៀតដែលថតបាននៅពេលព្រឹកសម្រាប់តំបន់គោលដៅផ្សេងៗគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងដូចជា៖ Jinhae, Busan, Ulsan, Pohang, Daegu និង Gangneung ។

រូបភាពមួយសន្លឹកបានបង្ហាញពីនាវាផ្ទុកយន្តហោះអាមេរិក Carl Vinson ដែលបានមកដល់កំពង់ផែក្នុងទីក្រុង Busan របស់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ នេះបើយោងតាមការចេញផ្សាយរបស់ ​​KCNA ។

នៅក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ច លោក គឹម បានត្រួតពិនិត្យរូបភាពនៃស្ថានីយកងទ័ពជើងទឹកអាមេរិក Pearl Harbor និងមូលដ្ឋានទ័ពអាកាស Hickam ដែលចាប់យករូបភាពដោយផ្កាយរណបចារកម្មយោធារបស់ខ្លួននៅក្នុងខណៈដែលហោះឆ្លងកាត់កោះហាវ៉ៃកាលពីព្រឹកថ្ងៃសៅរ៍។

កាលពីថ្ងៃសៅរ៍សារព័ត៌មាន KCNA របស់កូរ៉េខាងេជើងបានធ្វើអត្ថាធិប្បាយដាច់ដោយឡែកមួយដោយបានធ្វើការរិះគន់សហរដ្ឋអាមេរិកក្នុងការផ្តល់អាវុធដ៏ទំនើបៗដល់កូរ៉េខាងត្បូងដែលជា “អាយ៉ង”របស់ខ្លួនហើយបានព្រមានខ្លាំងៗថាប្រសិនបើអាមេរិកធ្វើឲ្យមានផ្ទុះផ្កាភ្លើងនៅលើឧបទ្វីបកូរ៉េនោះនឹងបង្កឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរជាសកលមិនខានឡើយ។

KCNA បន្តថា “សហរដ្ឋអាមេរិកគួតែពិចារណាឲ្យបានល្អប្រសើជាងមុនចំពោះផលវិបាកនៃគ្រោះមហន្តរាយដែលទាក់ទងនឹងការផ្តល់អាវុធដល់កងទ័ពរបស់កូរ៉េខាងត្បូងដែលជាអាយ៉ងរបស់ខ្លួន” ។

កាលពីថ្ងៃសុក្រក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាកាលពីថ្ងៃទី ២១ ខែវិច្ឆិកាដែលជាការបង្កអស្ថិរភាពនៅក្នុងតំបន់។

កាលពីដើមសប្តាហ៍នេះ KCNA បាននិយាយថា លោក គឹម បានពិនិត្យមើលរូបភាពដែលចាប់យកដោយផ្កាយរណបចារកម្មយោធានៅពីលើតំបន់ប៉ាស៊ីហ្វិកដែលជាទឹកដីអាមេរិកគឺកោះ Guam ជាទីតាំងកងយោធាអាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានថ្លែងថា ប្រទេសកូរ៉េខាងជើងបាន “និយាយបំផ្លើសការពិត” ដែលថា លោក គឹម បានមើលរូបភាពកោះ Guam រួចហើយនោះ។

សារព័ត៌មាន Yonhap បានដកស្រង់សម្តីគាត់ថាបើ “ទោះបីជាផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើងបានហោះចូលទៅក្នុងគន្លងតាមធម្មតាក៏ដោយ គឺវាត្រូវការពេលវេលាច្រើនថែមទៀតដើម្បីអាចនឹងធ្វើការឈ្លបយកការណ៍បានតាមធម្មតា” ៕

ប្រភព៖ Reuters