សេដ្ឋកិច្ច

ការលក់រថយន្តផ្តាច់មុខរបស់ចិនក្នុងប្រទេសរុស្សីទំនងជាកើនឡើង

ប្រែសម្រួល៖សហការី

បើយោងតាមព័ត៌មានដែលបានចេញផ្សាយដោយ Reuters បានឲ្យដឹងថា ការលក់រថយន្តរបស់ចិននៅក្នុងប្រទេសរុស្ស៊ីទំនងជាកើនឡើងដល់កំរិតកំពូលក្នុងខណៈដែលលទ្ធកម្មរុស្សីក្នុងស្រុកបានងើបឡើងវិញបន្ទាប់ពីការចាកចេញរបស់ក្រុមហ៊ុនផលិតរថយន្តរបស់លោកខាងលិច ព័ត៌មានដែលបានចេញផ្សាយដោយ Reuters បានធ្វើការគូសបញ្ជាក់ថាកំណើននាពេលថ្មីៗនេះនៅក្នុងទីផ្សារអាចនឹងជាប់គាំងដោយសារតម្លៃនាំចូលរថយន្តមានកម្រឹតខ្ពស់ចំណែកអត្រាការប្រាក់ក៏ចាប់ផ្តើមហក់ឡើងខ្លាំងគួឲ្យកត់សម្គាល់។

តួលេខដែលជាសូចនាករដំបូងរបស់ទីផ្សាររថយន្តរុស្ស៊ី និងតួនាទីផ្គត់ផ្គង់របស់ចិនដែលក្នុងនោះបានជួយរក្សាស្ថេរភាពទីផ្សាររបស់រុស្សី បន្ទាប់ពីភាពច្របូកច្របល់ចលាចលជិតពីរឆ្នាំកន្លងមកដែលបណ្តាលមកពីទណ្ឌកម្មរបស់អាមេរិកនិងលោកខាងលិចលើទីក្រុងម៉ូស្គូ ដែលបង្ខំឲ្យក្រុមហ៊ុនរបស់លោកខាងលិចទាំងអស់ចាកចេញភ្លាមៗនៅក្រោយពេលមានការលុកលុយរបស់កងទ័ពរុស្សីចូលក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន។ ដោយសារតែកត្តានេះហើយបានធ្វើឲ្យមានការធ្លាក់ចុះជាង ៦០ ភាគរយនៃការលក់ផលិតផលរបស់រុស្សីនៅលើទីផ្សារនៅក្នុងឆ្នាំ ២០២២ និងលទ្ធកម្មរបស់រុស្ស៊ីក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្រោយរបបសូវៀតបានដួលរលំទៅដែលមានលក្ខណៈខុសគ្នាឆ្ងាយជាងពីពេលមុនគឺនៅមុនពេលដែលរុស្សីបានចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ការលក់ចេញនិងរួមទាំងបរិមាណនៃទិន្នផលនៅក្នុងឆ្នាំ ២០២៣ នៅមានកម្រិតទាបនៅឡើយបើធៀបនឹងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។

នៅមុនពេលកងទ័ពរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ រថយន្តចិនមានចំនួនតិចជាង ១០ ភាគរយសម្រាប់ការដាក់លក់នៅលើទីផ្សាររុស្ស៊ី។ បើយោងតាមការវិភាគទិន្នន័យរបស់ទីភ្នាក់ងារ Autostat និងក្រុមហ៊ុនដៃគូប្រឹក្សាយោបល់ PPK បានបង្ហាញថា នៅក្នុងខែសីហាឆ្នាំនេះការលក់ផលិតផលចិនបានកើនឡើងជាង ៥៦ ភាគរយ។

រដយន្តរបស់ចិនលក់បានប្រហែល ៦០,០០០ គ្រឿងជារៀងជារាល់ខែបើគិតចាប់តាំងពីខែសីហាកន្លងទៅធ្វើឲ្យភាគហ៊ុនចិនកើនឡើងដល់ ៥៣ ភាគរយនៅក្នុងខែកញ្ញា។ ការ​លក់​ផលិតផលទាំងនោះរួម​មាន​រថយន្ត​នាំ​ចូល និង​រថយន្ត​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ីស្រាប់។

ក្រុមហ៊ុនផលិតរថយន្តចិនដូចជា Haval, Chery និង Geely កំពុងផ្តល់ទុនជំនួសឲ្យការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចដែលធ្លាប់គ្រប់គ្រងទីផ្សារនៅមុនពេលលុកលុយរបស់រុស្សីក្នុងប្រទេសអ៊ុយក្រែន ដែលបង្ហាញឲ្យឃើញនូវការកើនឡើងនៃការពឹងផ្អែករបស់ក្រុងម៉ូស្គូលើក្រុងប៉េកាំង និងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ខណៈដែលលោកខាងលិចបានដកចេញពីប្រទេសរុស្ស៊ីដោយសារតែការបង្កសង្រ្មាមរបស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែន។

បើយោងតាមទិន្នន័យ​គយរបស់ប្រទេស​ចិន​បាន​បង្ហាញ​ថា ប្រទេស​រុស្ស៊ី​បាន​លោតផុត​ពី​ចំណាត់​ថ្នាក់​ទី ១១ ដែលឥឡូវនេះបាន​ក្លាយ​ជា​ទីផ្សារ​នាំ​ចេញ​រថយន្ត​ដ៏ធំ​ជាង​គេ​របស់​​ចិន ដែលនៅក្នុងការលក់នេះបានហក់​ឡើង​ដល់​៩,៤ ពាន់​លាន​ដុល្លារ​អាមេរិកនៅក្នុង​ខែ​មករា​ដល់​ខែ​តុលា។ គឺខុសពីឆ្នាំមុនដែលការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ីបានត្រឹមតែ ១.១ ពាន់លានដុល្លារប៉ុណ្ណោះ៕